ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញ និងក្រុងព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ដោយសារការចាក់បញ្ចូលនូវមូលធនប្រមាណ១០ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យ និងសំណង់។
ការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សនេះ ដោយសារកំនើនសេដ្ឋកិច្ចសម្រេចបានជាង៧ភាគរយ មុនពេលវិបត្តិកូវីដ១៩មកដល់ និងគោលនយោបាយដាក់ចេញដ៏ត្រឹមត្រុវ និងមានផែបទីចង្អុលបងង្ហាញផ្លូវច្បាស់លាស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី។
ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ាឃាង ពុទ្ឋី បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ ធ្នូនេះថា ស្ថានភាពទីផ្សារអចលនទ្រព្យហាក់មានភាពឆ្អែតបន្តិចហើយ នៅក្នុងផ្នែកខ្លះដូចជាដីឡូត៍ លំនៅដ្ឋាន ដែលមិនអាចសាងសង់ឬប្រកាសលក់ភ្លាម លក់ដាច់អស់នោះទេ។
លោកបន្តថា "ទីផ្សារអចលនទ្រព្យ ចាប់ផ្តើមមានភាពប្រកួតប្រជែងជាងមុន ខណៈសេវាកម្មដទៃទៀតដូចជាចំណីអាហារ កសិកម្ម សុខាភិបាលមានភាពរីកចម្រើន"។លោកបន្តថា "ការរីកចម្រើនវិស័យទេសចរណ៍ បច្ចេកវិទ្យា ឧស្សាហកម្ម នឹងងាកបកជួយជំរុញទីផ្សារអចលនទ្រព្យឡើងវិញ"។
ជាមួយគ្នានេះ ផ្នែកដទៃទៀតក៏បាននិងកំពុងមានភាពឆ្អែកផងដែរ នោះគឺផ្សារទំនើប។
អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodiaបានមានប្រសាសន៍ថា ផ្សារទំនើបនៅកម្ពុជារវាងការផ្គត់ផ្គង់ និងតម្រូវការ គឺការផ្គត់ផ្គង់លើសតម្រូវការហើយ ដោយសារការកើនឡើងនូវការវិនិយោគ វិបត្តិកូវីដ១៩ ដែលធ្វើឲ្យអ្នកលក់តាមស្តង់នានាមិនអាចរកប្រាក់បង់ថ្លៃបាន និងការកើនឡើងនូវ E- Commerce។
អ្នកស្រីបន្តថា "ការរីកចម្រើននៃទីផ្សារក្នុងក្រុងភ្នំពេញ និងអំណាចនៃការទិញកើនឡើង ប៉ុន្តតែស្ថិតក្នុងកម្រិតមួយ ខណៈផ្សារមួយចំនួនបានបើក ប៉ុន្តែទីតាំងមិនសមស្របនោះទេ"។
ទោះជាយ៉ាងណា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនទាន់មានភាពចាស់ទុំឬឆ្អែតនៅឡើយទេ ប៉ុន្តែទីផ្សារមួយចំនួនបានឆ្អែកដូចជា ខុនដូដែលមានតម្លៃខ្ពស់ ខណៈទីផ្សារខុនដូតម្លៃមធ្យម និងក្រោមមធ្យមនៅមានភាពស្រេកឃ្លាននៅឡើយ។
លោកបន្តថា "បើនិយាយពីទីផ្សារបុរីទាំងមូលមិនមានបញ្ហានោះទេ ប៉ុន្តែសំរាប់បុគ្គលមួយចំនួនគឺមានបញ្ហា ដោយសារពួកគេទិញយកចំណេញ ហើយលក់មិនចេញគឺមានបញ្ហាហើយ"។លោកបន្តថា "ម្ចាស់គំរោងពួកគេលក់ ប្រមូលលុយបានអស់មិនបញ្ហាទេ អ្នកដែលរងបញ្ហាគឺអ្នកទិញហើយលក់មិនចេញ"៕