ភ្នំពេញ៖ វិស័យធានារ៉ាប់រងអាយុជីវិតបានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០១២ ហើយកាលនោះកញ្ចប់សេវាកម្មលើការធានារ៉ាប់រងនៅកម្ពុជាគឺមានតម្លៃខ្ពស់ និងមានមនុស្សតិចតួចប៉ុណ្ណោះបានយល់ដឹងនិងហ៊ានប្រើប្រាស់កញ្ចប់សេវាធានារ៉ាប់រងនោះ ។ ប៉ុន្តែបច្ចុប្បន្ននេះ កញ្ចប់សេវាធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាកាន់តែមានតម្លៃទាបនិងមានក្រុមហ៊ុនកាន់តែច្រើនបានបើកដំណើរការក្នុងប្រទេសកម្ពុជា ។
លោក កែវ សុខវាស្នា នាយកគ្រប់គ្រងអាជីវកម្ម ហ្វីលីពឡាយហ៍អ៊ិនសួររេនបានមានប្រសាសន៍ថា កាលពីមុនប្រជាពលរដ្ឋកម្ពុជាតែងតែមានអារម្មណ៍ថា អត់មានលទ្ធភាព ក្នុងការបង់ប្រាក់ធានារ៉ាប់រងនិងមួយទៀតពួកគាត់មិនមានជំនឿជាក់ទៅលើក្រុមហ៊ុនធានារ៉ាប់រង ។ ចាប់តាំងពីកម្ពុជាមានច្បាប់ធានារ៉ាប់រងនៅក្នុងអំឡុងឆ្នាំ២០១២ ឃើញថាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាមានជាង១០ក្រុមហ៊ុនហើយ ដូច្នេះតម្លៃនៃការប្រកួតប្រជែងក៏ចាប់ផ្ដើមកើតឡើងទៅតាមលក្ខខណ្ឌនៃធានារ៉ាប់រង ។
លោកបន្តថាទោះបីជាតម្លៃនៃកញ្ចប់សេវាកម្មធានារ៉ាប់រងមានការប្រកួតប្រជែងយ៉ាងណានោះ គោលដៅរបស់ក្រុហ៊ុននីមួយៗគឺ ធ្វើយ៉ាងណាជួយគាំទ្រសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋកម្ពុជានៅពេលមានហានិភ័យណាមួយកើតឡើង។ បច្ចុប្បន្ននេះកញ្ចប់សេវាកម្មធានារ៉ាប់រងក្នុងប្រទេសកម្ពុជាគឺមានតម្លៃសមរម្យដែលអាចផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋអាចទិញសម្រាប់ធានារ៉ាប់រងលើស្ថានភាពហិរញ្ញវត្ថុរបស់ពួកគាត់ ។លោកថា"បច្ចុប្បន្ននេះ កញ្ចប់ធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនខ្លះលក់ត្រឹមតែ ១០ដុល្លារអាមេរិកក្នុងមួយខែ ហើយតម្លៃនេះខ្ញុំជឿថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនមានលទ្ធភាព ក្នុងការទិញប្រើប្រាស់"។
លោកបន្ថែមថា កញ្ចប់សេវាកម្មធានារ៉ាប់រងនៅពេលបច្ចុប្បន្ននេះដែរ ក៏ស្រដៀងនឹងការដាក់ប្រាក់សន្សំនៅក្នុងធនាគារ ។ ឧទាហរណ៍រថាបើសិនជាគាត់ទិញកញ្ចប់ធានារ៉ាប់រង៥ម៉ឺនដុល្លារអាមេរិក ហើយការពារ១០ឆ្នាំ គាត់ត្រូវបង់ជូនក្រុមហ៊ុនប្រមាណ៥ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយបើសិនជាគាត់មានបញ្ហាអ្វីកើតឡើងដល់អាយុជីវិតក្នុងអំឡុង១០ឆ្នាំ នោះគាត់នឹងទទួលបានសំណង៥ម៉ឺនដុល្លារអាមេរិក តែបើសិនជា១០ឆ្នាំនោះគាត់មិនកើតអី ទឹកប្រាក់ដែលគាត់បានបង់នោះ ក៏ត្រូវប្រគល់ជូនគាត់វិញជាមួយនឹងការប្រាក់និងអត្ថប្រយោជន៍ផ្សេងៗទៅតាមគោលការណ៍របស់ក្រុហ៊ុនដែលទិញធានារ៉ាប់រង ។
លោកយក់ ចំរើនឬទ្ធិអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានយល់ដឹងពីការធានារ៉ាប់រង និងបានទិញកញ្ចប់សេវាកម្មធានារ៉ាប់រងសម្រាប់ការពារហិរញ្ញវត្ថុរបស់គាត់ ដែលជំរុញ ឱ្យបុព្វលាភពធានារ៉ាប់រងនៅកម្ពុជាបានកើនឡើងខ្ពស់ ។ ទោះបីជាយ៉ាងណាក្ដី បើធៀបនឹងប្រទេសជិតខាង បុព្វលាភធានារ៉ាប់រងនៅក្នុងប្រទេសមានតិចតួចនៅឡើយ និងបានចូលរួមក្នុងចំណែកសេដ្ឋកិច្ចកម្ពុជាបានតិចតួចនៅឡើយផងដែរ ៕
No comments:
Post a Comment