ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសថ្លែងសារពិសេសនៅព្រឹកថ្ងៃទី១ កក្កដា ២០២១ ប្រកាសយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចតេជោបានថ្លែងថា បើគ្មានប្រទេសចិនទេ កម្ពុជាមិនអាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនពលរដ្ឋរហូតដល់ជាង៤លាននាក់នោះទេ ខណៈកម្មវិធីកូវ៉ាក់ ដែលជាជំនួយដល់កម្ពុជា ទើបតែផ្ដល់បានជាង៣២ម៉ឺនដូសឬ១៦ម៉ឺននាក់ប៉ុណ្ណោះ។

សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជាត្រូវតែរកវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាជំហានដំបូងឱ្យបាន១០លាននាក់ និងត្រូវរកវ៉ាក់សាំងចាក់ឱ្យក្មេងអាយុក្រោម១៨ឆ្នាំបន្តទៀត ហើយមកដល់ពេលនេះ កម្បុជាទទួលរួចមកហើយជាង១១លាននាក់ និងបានចាក់ជូនពលរដ្ឋបាន៤លាន២សែននាក់ ស្មើនឹង៤២ភាគរយនៃចំនួនប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់។

សម្ដេចតេជោមានប្រសាសន៍បន្តថា គម្រោងវ៉ាក់សាំងដែលកម្ពុជាត្រូវទទួល បើគិតទាំងជំនួយគឺ២៩លាន៧សែនដូស ប៉ុន្តែសម្ដេចស្នើឱ្យដកចេញពីការគិតគូរបស់សម្ដេច ទៅលើបញ្ហាពីកូវ៉ាក់៧លាននាក់ និងអូស្ត្រាលី៣លានដូស សរុប១០លានដូស និងបង្វិលទៅរកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងវ៉ាក់សាំង ឯប្រភពផ្សេងទៀតជាប្រភពគាំទ្រ ហើយការសម្រេចចិត្តនេះគឺជាការត្រឹមត្រូវ ចង់អ្នកណាថាអីថាទៅ ពីព្រោះជាក់ស្ដែង កម្ពុជានឹងទទួលបានវ៉ាក់សាំងពីចិនជាង២០លានដូស។

បើតាមលោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យដឹងថា វ៉ាក់សាំងSinopharm នឹងមកដល់ប្រទេសចិននៅថ្ងៃទី៦កក្កដា ២០២១នេះ១លានដូសបន្ថែមទៀត ថ្ងៃទី១០កក្កដា ១លានដូសទៀត ហើយSinovac នឹងមកដល់កម្ពុជា៣លានដូសនៅថ្ងៃទី១០ខែកក្កដា ដូច្នេះក្នុងខែកក្កដា កម្ពុជានឹងទទួលបាន៥លានដូសពីប្រទេសចិន ហើយខែសីហានឹងទទួលបាន៨លានដូសនឹងធ្វើឱ្យគ្រប់ចំនួន២០លានដូស។

សម្ដេចតេជោបញ្ជាក់ថា បើសិនជាសម្ដេចមិនចាប់យកយុទ្ធសាស្ត្រយកចិនធ្វើជាបង្អែកវ៉ាក់សាំង ហើយវិលទៅនេះទៅនោះបន្តិច ម្ល៉េះមកដល់ពេលនេះ ប្រហែលជាកម្ពុជាចាក់វ៉ាក់សាងជូនពលរដ្ឋមិនបាន២០ម៉ឺននាក់ផង កុំថាឡើយដល់៤លាននាក់។

សម្ដេចតេជោបានថ្លែងដូច្នេះថា បើគ្មានមិត្តចិនទេ កុំថាឡើយដល់៤លាននាក់នៅពេលនេះ សូម្បីតែ២០ម៉ឺននាក់ក៏មិនបានផង ពីព្រោះ Covac ដែលសន្យាផ្ដល់ឱ្យយើងចំនួន ៧លានដូស មកដល់ពេលនេះបានមកដល់តែ៣២ម៉ឺន៤ពាន់ដូសតែប៉ុណ្ណោះ"។

សម្ដេចតេជោបញ្ជាក់បន្ថែមថា បើមិនឱ្យកម្ពុជាទៅពឹងចិន តើឱ្យទៅពឹងអ្នកណា ព្រោះនេះជាការពិត ជាក់ស្ដែងការសន្យារបស់ប្រទេសជាច្រើនក្នុងការផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា តែធាតុពិតជាក់ស្ដែងមានតែវ៉ាក់សាំងចិនប៉ុណ្ណោះដែលបានផ្ដល់មកដល់កម្ពុជាជាបន្តបន្ទាប់៕