ដោយៈ គៀតឈូ

សិង្ហបុរីៈ យោងតាមរបាយការន៍ ដែលចេញដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) របស់សិង្ហបុរី បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដានេះថា តម្លៃផ្ទះឯកជនរបស់សិង្ហបុរីបានកើនឡើង០,៩ភាគរយនៅក្នុងត្រីមាសទី២ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១។

ការកើនឡើងនេះមានល្បឿនយឺតបន្តិច បើធៀបនឹងតម្លៃកើនឡើង៣,៣ភាគរយ កាលពី២ឆ្នាំ កន្លះមុន។ ទោះយ៉ាងណា វានៅតែមានការកើនឡើងប្រចាំត្រីមាសទី៥ជាប់ៗគ្នា ទោះបីជាប្រទេសសិង្ហបុរីបានដាក់វិធានការការពារប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កាលពីពាក់កណ្តាលខែឧសភាក៏ដោយ។

បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃផ្ទះឯកជនបានកើនឡើង៧,៣ភាគរយ។ ការឡើងថ្លៃនៅត្រីមាសទី២នេះត្រូវបានជំរុញ ដោយផ្ទះដែលមិននៅតំបន់កៅក្រុង (OCR) ហើយបានកើនឡើងច្រើនបំផុត១,៨ភាគរយបើប្រៀបធៀបទៅនឹងកំណើន១,១ភាគរយក្នុងត្រីមាសមុន។

ប្រហែល៦០,៥ភាគរយនៃការលក់អចលនទ្រព្យឯកជនកាលពីត្រីមាសមុន គឺជាការលក់ផ្ទះបន្ត ខ្ពស់ជាង ៥៦,៦ភាគរយនៅក្នុងបីខែមុន។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់នៃអ្នកស្រាវជ្រាវនិងវិភាគនៅក្រុមហ៊ុន OrangeTee & Tie បាននិយាយថា មានតម្រូវការយ៉ាងខ្លាំងសម្រាប់ផ្ទះដែលនៅក្នុងតំបន់ជាយក្រុង។

អ្នកទិញកាន់តែច្រើនក៏បានជ្រើសរើសយកផ្ទះធំៗ ដោយ៣៩,៦ភាគរយនៃប្រតិបត្តិការទិញលក់ ត្រូវបានធ្វើឡើងចំពោះផ្ទះ ដែលមានទំហំ១២០០ការ៉េហ្វីត កើនឡើងពី៣៥,៨ភាគរយ។

លោកស្រី Sun បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យកំពុងត្រូវបានជំរុញដោយតម្រូវការខ្លាំងពីអ្នកទិញផ្ទះ ខណៈសេដ្ឋកិច្ចកំពុងងើបឡើងវិញ និងអត្រាការប្រាក់កម្ចីទាប៕