ដោយៈឧត្តម

បាងកក: ក្រសួងពាណិជ្ជកម្មថៃ គ្រោងស្នើក្របខណ្ឌចរចា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប (Thai-EU FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (Asean-Canada FTA) ដើម្បីដាក់ទៅខុទ្ទកាល័យសម្រាប់ការអនុម័តក្នុងត្រីមាសទី៣ នេះ។

យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃសុក្រ ទី១៧ កក្កដា នេះឱ្យដឹងថា គម្រោងនេះគឺដើម្បីជំរុញការនាំចេញរបស់ប្រទេសថៃ។

ក្រោយកិច្ចប្រជុំរបស់គណៈកម្មការពិគ្រោះពាណិជ្ជកម្ម រវាងវិស័យរដ្ឋ និងឯកជនកាលពីម្សិលមិញ លោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្របខណ្ឌចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប នឹងត្រូវបង្ហាញ នៅចំពោះមុខខុទ្ទកាល័យត្រឹមចុងខែកញ្ញា។ ចំណែកឯកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា គ្រោងដាក់ជូនទៅខុទ្ទកាល័យនៅខែសីហា។

លោកបន្ថែមថា"រដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីពន្លឿនកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ដើម្បីជំរុញការនាំចេញដែលជាក្បាលម៉ាស៊ីនតែមួយគត់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងឆ្នាំនេះ"។

នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប ចូលជាធរមាន ប្រទេសថៃ រំពឹងថានឹងទទួលបានកំណើនពាណិជ្ជកម្ម និងការវិនិយោគបន្ថែមទៀត ពី​ព្រោះសហភាពអឺរ៉ុប ដែលមាន២៧ប្រទេសជាសមាជិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសថៃ បន្ទាប់ពីអាស៊ាន មហាយក្សចិន ជប៉ុន និងសហរដ្ឋអាមេរិក។

ការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានជាប់គាំង បន្ទាប់ពីរដ្ឋប្រហារដោយយោធាក្នុងឆ្នាំ២០១៤  ដែលនៅពេលនោះសហភាពអឺរ៉ុប បានធ្វើការតវ៉ាប្រឆាំងនឹងការផ្អាកដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនេះ។

នៅឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងសហភាពអឺរ៉ុប មានទំហំសរុប៣៣,១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៧,៥៦%នៃពាណិជ្ជកម្មពិភពលោករបស់ប្រទេសថៃ។

ការនាំចេញរបស់ប្រទេសថៃ ទៅកាន់សហភាពអឺរ៉ុប មានទំហំសរុប១៧,៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយមុខទំនិញកំពូលៗរួមមានដូចជាកុំព្យូទ័រ ត្បូង & គ្រឿងអលង្ការ ផលិតផលកៅស៊ូ ម៉ាស៊ីនត្រជាក់ & គ្រឿងបង្គុំ ឧបករណ៍ជួសជុលយានយន្ត & គ្រឿងបង្គុំ គ្រឿងចក្រ & គ្រឿងបង្គុំ ម៉ូតូ & គ្រឿងបង្គុំ សម្ភារៈអគ្គិសនី & គ្រឿងបង្គុំ និងកញ្ចក់ឡែន។

យោងតាមលោក Jurin Laksanawisit ឱ្យដឹងថា ប្រទេសថៃ និងបណ្ដាសមភាគីអាស៊ាន ក៏កំពុងចរចាជាមួយប្រទេសកាណាដាផងដែរ ដើម្បីបង្កើតវិសាលភាពនៃការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

លោក Auramon Supthaweethum អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ បានតែងតាំងលោក Duangarthit Nidhi-u-tai អគ្គនាយករងនៃអគ្គនាយកដ្ឋាននេះ ដើម្បីឱ្យចូលរួមកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន (ASEAN Senior Economic Officials (SEOM)) លើកទី១៣ តាមរយៈ Video Call ចន្លោះពីថ្ងៃទី១៤-១៥ ខែមិថុនា ដើម្បីពិភាក្សាអំពីផែនការក្របខណ្ឌ សម្រាប់កិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

កិច្ចប្រជុំនោះ ទទួលបានលទ្ធផលវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ទាក់ទិននឹងវិសាលភាព នៃការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា នៅពេលដែលក្រុមអ្នកចូលរួមបានព្រមព្រៀងគ្នាថា ចាំបាច់ត្រូវស្វែងរកដំណោះស្រាយឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតសំណើសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន -កាណាដា ដែលគ្រោងធ្វើនៅខែកញ្ញា។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងប្រទេសកាណាដា មានទំហំសរុប២,៣១ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយកើនឡើង០,៥៣%។ ក្នុងទំហំសរុបនោះ ការនាំចេញពីប្រទេសថៃ មានទំហំ១,៥៤ពាន់លានដុល្លារអាមេរិក ដោយកើនឡើង០,៦៧% ចំណែកឯការនាំចូលមានទំហំ៧៦៧លានដុល្លារអាមេរិក៕