ដោយៈវឌ្ឈនៈ

ភ្នំពេញៈ នៅរយៈពេលថ្មីៗចុងក្រោយនេះ បណ្ដាខេត្តសក្ដានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យ ហាក់មានការទិញលក់ដីធ្លីច្រើន ដូចជា ខេត្តកំពត និងខេត្តកំពង់ស្ពឺ ប៉ុន្តែថ្មីៗនេះ ថ្នាក់ដឹកនាំនៃខេត្តទាំងនោះ ក៏បានព្រមាននិងចាត់ឱ្យថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវប្រុងប្រយ័ត្ន និងពិនិត្យមើលម៉ត់ចត់ មុននឹងចុះហត្ថលេខាទទួលស្គាល់និងផ្ទេរកម្មសិទ្ធិដីធ្លីទៅភាគីម្ខាងទៀត។

កត្តាទាំងនេះ អ្នកដែលធ្លាប់ទិញដី ដែលមិនមានប្លង់កម្មវិធីត្រឹមត្រូវ អាចនឹងត្រូវខាតបង់ថវិកា ព្រោះអាចនឹងទិញចំដីរដ្ឋដីការពារធម្មជាតិជីវៈចម្រុះជាដើម ។

កាលពីពេលថ្មីៗនេះ មេឃុំមួយចំនួន ដែលបានចុះហត្ថលេខាទទួលស្គាល់ការទិញលក់ដីធ្លីមួយចំនួននៅខេត្តកំពង់ស្ពឺ បានចេញបដិសេធនិងធ្វើមោឃភាព លើការចុះហត្ថលេខារបស់ខ្លួនកន្លងមក ដោយសារតែដីទាំងនោះ គឺជាដីការពារជីវចម្រុះ ដីការពារ ដូច្នេះអ្នកដែលទិញដីទាំងនោះចាត់ទុកថាជាមោឃភាព។

ដោយឡែក ចៅហ្វាយខេត្តកំពតលោកជាវ តាយក៏បានចេញលិខិតមួយស្នើទៅអភិបាលក្រុង ស្រុកក្រោមឱវាទរបស់លោកផងដែរ ពីការបញ្ឈប់បន្ទាន់ និងមោឃភាពចំពោះការចុះហត្ថលេខាទទួលស្គាល់ និងផ្ទេរកម្មសិទ្ធិដីធ្លីលើដីការពារធនធានធម្មជាតិជីវៈចម្រុះ។

តាមរយៈសារព្រមានទាំនេះ អ្នកទិញដីធ្លីនៅខេត្តទាំងពីរនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈសកម្មភាពនៃការទិញដីធ្លីនៅតំបន់ទាំងនេះ នៅតែមានសកម្មភាព ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ។

អ្នកជំនាញអចលនវត្ថុកម្ពុជាបានមើលឃើញថា ខេត្តកំពត និងខេត្តកំពង់ស្ពឺគឺជាខេត្តដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍដីលំហែលកាយ ជាក់ស្ដែងខេត្តទាំងនេះមានតំបន់រមណីយដ្ឋានច្រើន ដែលអាចឱ្យភ្ញៀវទេសចរទៅសម្រាក និងកម្សាន្តនៅចុងសប្ដាហ៍ ខណៈផ្លូវភ្ជាប់ពីភ្នំពេញទៅខេត្តទាំងពីរនេះ ក៏បានសាងសង់រួចរាល់និងកាន់តែងាយស្រួលក្នុងការធ្វើដំណើរ ។

អ្នកជំនាញក៏បានផ្ដល់ជាទស្សនៈ ចំពោះការស្វែងរកទិញដីធ្លីនានាផងដែរ ដោយត្រូវមើលមុនគេនោះ គឺភាពស្របច្បាប់នៃដីធ្លីនោះ មានប្លង់កម្មសិទ្ធិត្រឹមត្រូវដែរ មានការផ្ទេរសិទ្ធិត្រឹមអាជ្ញាធរណាមួយ ជៀសវាងការទិញដីហើយមិនបានដីពិតប្រាកដ៕