ដោយៈសុខុម
អាមេរិក: ពលរដ្ឋអាមេរិក កាន់តែច្រើនឡើងបានចុះកិច្ចសន្យា ដើម្បីទិញផ្ទះនៅក្នុងខែឧសភា ហើយនេះជាសន្ទុះងើបឡើងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋាន មានសភាពស្ងាត់ជ្រាបអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី០១ កក្កដា នេះ។
សន្ទស្សន៍របស់សមាគមភ្នាក់ងារអចលនទ្រព្យជាតិ National Association of Realtors (NAR)បានបង្ហាញថា ការលក់ផ្ទះដែលពុំទាន់ឈានដល់ការព្រមព្រៀងដំណាក់កាលចុង ក្រោយបានកើនឡើង៨% ដល់១១៤,៧ពិន្ទុ ដែលជាសន្ទុះងើបឡើងខ្ពស់បំផុតសម្រាប់ខែឧសភា ចាប់តាំងពីឆ្នាំ២០០៥ មក។
តួលេខនេះកើនឡើងពី១០៦,២ពិន្ទុនៅក្នុងខែមេសាផងដែរ។ សន្ទស្សន៍ Index of The 100 បង្ហាញថា តួលេខនេះគឺស្មើគ្នានឹងកម្រិតសកម្មភាពទិញក្នុងឆ្នាំ២០០១។
ការចុះកិច្ចសន្យាបានកើនឡើង១៣,១% បើធៀបនឹងឆ្នាំមុន ដែលពេលនោះកំពុងតែផ្ទុះការឆ្លងរាលដាលវីរុសកូវីដ-១៩ ខ្លាំង។ វាគ្រាន់តែជាកំណើនប្រចាំខែទី២ ប៉ុណ្ណោះគិតមកទល់ពេលនេះក្នុងឆ្នាំ២០២១ ប៉ុន្តែបើយោងតាមការព្យាករថា ទីផ្សារលំនៅដ្ឋាននឹងទទួលបានកំណើនរឹងមាំក្នុងរដូវក្ដៅ។
ខណៈពេលដែលមិនខ្វះអ្នកទិញនៅក្នុងទីផ្សារ បែរជាខ្វះផ្ទះសម្រាប់លក់ទៅវិញ ហើយនេះជាហេតុធ្វើឱ្យតម្លៃផ្ទះ ដែលសង់រួចស្រាប់ហក់ឡើងខ្ពស់មិនធ្លាប់មាន។
កាលពីសប្តាហ៍មុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានរាយការណ៍ថា ការលក់ផ្ទះថ្មី បានធ្លាក់ចុះរយៈពេល២ខែជាប់គ្នា។ ការធ្លាក់ចុះ៥,៩%នៅក្នុងខែឧសភា កើតមានក្រោយពីធ្លាក់ចុះ៧,៨%ក្នុងខែមេសា។ តម្លៃជាមធ្យមសម្រាប់ផ្ទះថ្មី ដែលបានលក់ក្នុងខែឧសភា បានហក់ឡើងដល់៣៧៤.៤០០ដុល្លារក្នុងផ្ទះមួយ ពោលគឺកើនឡើង១៨,១%បើប្រៀបធៀបទៅនឹងឆ្នាំមុន។
សមាគមភ្នាក់ងារអចលនទ្រព្យ NAR ក៏បានរាយការណ៍កាលពីសប្ដាហ៍មុនដែរថា ការលក់ផ្ទះដែលគេធ្លាប់កាន់កាប់ពីមុន (ផ្ទះមួយទឹក) បានធ្លាក់ចុះរយៈពេល៤ខែជាប់គ្នានៅក្នុងខែឧសភា។ តម្លៃលក់ជាមធ្យមសម្រាប់ផ្ទះ ដែលសាងសង់រួចស្រាប់បានហក់ឡើងលើស៣៥០.០០០ដុល្លារ ក្នុងផ្ទះមួយកាលពីខែមុន ដែលជាកម្រិតខ្ពស់ធ្លាប់មាន ហើយក៏ទំនងជាឧបសគ្គរាំងស្ទះដែរសម្រាប់អ្នកចង់ទិញផ្ទះ ជាពិសេសអ្នកទិញផ្ទះដំបូង៕
No comments:
Post a Comment