ដោយៈសុខុម

ក្រុងឡុងដ៏: លទ្ធផលសិក្សាស្រាវជ្រាវអំពីវីរុសកូវីដ-១៩ ទ្រង់ទ្រាយធំមួយរបស់អង់គ្លេសបានរកឃើញនៅថ្ងៃពុធ ទី៤ សីហា នេះថា ហានិភ័យឆ្លងវីរុសបំប្លែងថ្មី Delta ត្រូវបានកាត់បន្ថយចន្លោះពី៥០%ទៅ៦០% សម្រាប់អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ក្រុមអ្នកស្រាវជ្រាវ ដែលមកពីសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក Imperial College London បានអះអាងថា ហានិភ័យធ្វើតេស្តឃើញវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta ត្រូវបានកាត់បន្ថយពាក់កណ្ដាល សម្រាប់អ្នកដែលចាក់វ៉ាក់សាំងពីរដូស។

យោងតាមការសិក្សាស្រាវជ្រាវខាងលើ ដែលបានផ្តោតលើអ្នកដែលមានរោគសញ្ញាកូវីដ-១៩ បង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំង ក្នុងការការពារមនុស្សពីការឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីបានកើនឡើងប្រហែល៥៩% សម្រាប់អ្នកដែលបានចាក់គ្រប់ចំនួនដូស។

ទោះជាយ៉ាងណា ការប៉ាន់ប្រមាណនៅក្នុងលទ្ធផលសិក្សាស្រាវជ្រាវថ្មីនេះ គឺទាបជាងការប៉ាន់ប្រមាណ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារ សុខាភិបាលធារណៈអង់គ្លេស (Public Health England (PHE)) សម្រាប់វ៉ាក់សាំង Pfizer និងវ៉ាក់សាំង AstraZeneca។

ទីភ្នាក់ងារសុខាភិបាលធារណៈអង់គ្លេស (PHE) បានបញ្ជាក់ថា វីរុសបំប្លែងថ្មី Delta មានហានិភ័យឆ្លងខ្ពស់ ឆ្លងឆាប់រហ័ស និងកាចសាហា វដែលអាចផ្ដាច់ជីវិតមនុស្សក្នុងពេលដ៏ខ្លី បើអ្នកជំងឺមិនត្រូវបានបញ្ជូនទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យឱ្យទាន់ពេលវេលាទេនោះ។

អ្នកស្រាវជ្រាវទាំងនេះបានគូសបញ្ជាក់ថា ជាទូទៅអត្រាហានិភ័យឆ្លងសម្រាប់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំងគឺខ្ពស់ជាង៣ដង បើធៀបទៅនឹងអ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស៕