ដោយៈគង់ សូរិយា
ភ្នំពេញៈ ការអនុម័តគំរោងGrand City Siem Reapរបស់សម្តេចតេជោបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរតំបន់នេះ ទទួលបានផលប្រយោជន៍រួចទៅហើយ បើទោះបីជាទីក្រុងនេះមិនទាន់លេចចេញជារូបរាងក្តី។
ប៉ុន្តែចំណុចសំខាន់នៃគំរោងនេះ ស្ថិតនៅលើផ្លូវវែងឆ្ងាយនៅឡើយ បើទោះបីជាព្រលានយន្តហោះថ្មីកំពុងសាងសង់យ៉ាងសកម្ម ដែលរំពឹងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះក្តី។
អ្នកជំនាញនិងវិភាគពីអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ កញ្ញានេះថា ការកសាងទីក្រុងថ្មីនេះជារឿងល្អ ដែលការរៀបចំតំបន់ថ្មីបែបនេះ រដ្ឋាភិបាលមានភាពងាយស្រួល ក្នុងការរៀបចំហេដ្ឋារចនាស ម្ព័ន្ឋបែបSmart City ប៉ុន្តែការរៀបចំបែបនេះវាត្រូវចំណាយដើមទុនច្រើន និងងាយស្រួលរៀបចំបើធៀបនឹងរាជធានីភ្នំពេញ។
លោកស្រីបន្តថា "ដើម្បីអភិវឌ្ឍន៍ទីក្រុងនេះបានលឿន កម្ពុជាត្រូវការធនធានបីសំខាន់ដូចជា ធនធានមនុស្ស បច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ"។
បច្ចុប្បន្នតំបន់ស្ថិតក្នុងប្លុកទីក្រុងថ្មីនេះ ជាដីទំនេរ វាលស្រែ ប៉ុន្តែតំបន់ជុំវិញមានគំរោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនបណ្តើរៗហើយ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តរួចហើយ នូវគម្រោងបង្កើតទីក្រុងGrand City Siem Reap ដែលមានទីតាំងជិតព្រលានយន្តហោះអ្តរជាតិថ្មី នៃខេត្តសៀមរាប។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនធ្លាប់បានមានប្រសាសន៍ឲ្យដឹង ថា Master Planរបស់ទីក្រុងថ្មីនេះ ត្រូវបានសម្តេចតេជោអនុម័តរួចហើយ ស្របពេលក្រសួងបាននិងកំពុងផ្ញើរឯកសារ និងផែនការអភិវឌ្ឍន៍ទីក្រុងនេះ ទៅកាន់ស្ថាប័នពាក់ព័ន្ឋពិនិត្យ ព្រោះការងារនេះត្រូវធ្វើជាអន្តរក្រសួង។លោកបន្តថា ទីក្រុងថ្មីនេះ មានទីតាំងនៅក្បែរព្រលានយន្តហោះថ្មី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាតំបន់មិនស្ថិតក្រោមការការពាររបស់់អាជ្ញាធរអប្សរានោះទេ។
លោកបន្តថា "រហូតមកទល់ពេលនេះ ទីក្រុងថ្មីនេះមិនទាន់មានសកម្មភាពអភិវឌ្ឍន៍ជាដុំកំភួនអ្វីនៅឡើយទេ ខណៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីផែនការនេះត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ១៩"។ លោកបន្តថា "ទោះជាយ៉ាងណា យើងមិនទាន់អាចបញ្ជាក់ពីទំហំផ្ទៃដី និងផែនការលំអិតរបស់ទីក្រុងនេះបាននៅឡើយទេ ប៉ុន្តែអ្វីៗបានរៀបចំរួចរាល់ហើយ ព្រោះសម្តេចបានអនុម័តរួចហើយ"។
លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប បាននិងកំពុងជម្រុញយ៉ាងសកម្ម ដើម្បីលើកកំពស់សោភ័ណភាពក្រុង ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។
រដ្ឋាភិបាលបាន និងកំពុងសហការជាមួយក្រុមហ៊ុនយូណាន មានមូលដ្ឋាននៅប្រទេសចិន ដើម្បីដំណើរការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ដែលស្ថិតនៅលើផ្ទៃដី៧០០ហិកតា និងគ្រោងបោះទុនវិនិយោគប្រមាណ៩០០លានដុល្លារអាមេរិក។ តាមផែនការព្រលានយន្តហោះនេះ នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះ៕
No comments:
Post a Comment