ដោយៈសុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារទី៣១ សីហា នេះបានបង្ហាញផែនការបង្កើនការចំណាយយ៉ាងច្រើនសម្បើម នៅក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ប្រធា​នាធិបតី មូន ចែអ៊ីន ស្របពេលឱនភាពសារពើពន្ធ (fiscal deficit) កាន់តែអាក្រក់ទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រទេសកូរ៉េខាងត្បូង គ្រោងចំណាយរហូតដល់ទៅ៦០៤.៤ទ្រីលានវ៉ុន (៥១៨.៤ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ ពោលគឺច្រើនជាង៨.៣ភាគរយ បើធៀបនឹងថវិកាឆ្នាំ២០២១ មុនពេលកញ្ចប់ចំណាយបន្ថែមចំនួន២ សម្រាប់គ្រាអាសន្នត្រូវបានព្រាងឡើង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារការរីករាលដាលវីរុសកូវីដ-១៩។

ផែនការចំណាយខ្ពស់បំផុតមិនធ្លាប់មាននេះ នឹងធ្វើឱ្យអនុបាតបំណុលធៀបនឹង GDP (Debt-to-GDP Ratio) របស់ប្រទេសកូរ៉េខាងត្បូង កើនរហូតដល់៥០,២%ដែលជាចំនួនធំបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ។

មន្ត្រីមួយរូបនៅក្រសួងហិរញ្ញវត្ថុបានលើកឡើងថា "បំណុលរបស់យើងនឹងកើនលើស៥០ភាគរយ នៃទំហំសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម ប៉ុន្តែនៅពេលយើងចាប់ផ្ដើមធ្វើឱ្យជំហរសារពើពន្ធប្រសើរឡើង យើងរំពឹងថានឹងមានភាពល្អប្រសើរឡើងច្រើន នៅក្នុងសមតុល្យសារពើពន្ធ (fiscal balance) នៃការទូទាត់នៅឆ្នាំក្រោយ"។

យោងតាមក្រសួងហិរញ្ញវត្ថុឱ្យដឹងថា នៅត្រឹមឆ្នាំ២០២៥ ប្រទេសកូរ៉េខាងត្បូង រំពឹងថា អនុបាតបំណុលធៀបនឹង GDP នឹងឈានដល់៥៨,៨%៕