ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ឬការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានជួយឱ្យកម្ពុជាទទួលបានការវិនិយោគ និងទទួលក្រុមហ៊ុនចុះបញ្ជីថ្មីៗជាបន្តបន្ទាប់ ជាក់ស្ដែងចាប់តាំងពីបង្កើតនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានវិទ្យារហូតដល់ត្រឹមថ្ងៃទី២៤ សីហា២០២១ មានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធនេះចំនួន៧៧១៥ក្រុមហ៊ុន គិតជាទឹកប្រាក់ចុះបញ្ជីមានរហូត ដល់ជិត៣ពាន់លានដុល្លារអាមេរិក។
លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី២នៅថ្ងៃទី១ កញ្ញា២០២១នេះថា វិស័យចំនួន៥ ដែលមានទំហំដើមទុនធំជាងគេ រួមមាន ទី១ វិស័យសំណង់មានចំនួន២៥,៣២ភាគរយ ទី២អាហរ័ណនីហរ័ណ ទិញលក់ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទចំនួន១៦,៤៤ភាគរយ ទី៣ សកម្មភាពអចលនវត្ថុមានចំនួន១៥,៥៣ភាគរយ ទី៤ កម្មន្តសាលមានចំនួន១៤,៣ភាគរយ និងទី៥ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំនួន១៣,២២ភាគរយ ។
លោកបន្ថែមថា ដំណាក់កាលទី១នៃការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា បានផ្ដោតជាសំខាន់លើនីតិវិធីចាំបាច់ជាមូលដ្ឋាន ដែលគ្រប់ក្រុមហ៊ុនសហគ្រាសត្រូវបំពេញ ដើម្បីធ្វើការចុះបញ្ជីអាជីវកម្មរបស់ខ្លួនជាផ្លូវការ និងស្របច្បាប់ ដែលមានជាអាទិ៍ ការចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការផ្ដល់សេចក្ដីប្រកាសជូនដំណឹងពីការបើកសហគ្រាស ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកបានបន្តថា ជាមួយនឹងភាពជោគជ័យនៃដំណាក់កាលទី១ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាព ទៅដំណាក់កាលទី២ថែមទៀត ដើម្បីបន្តសម្រួលដល់ធុរជន តាមរយៈការរៀបចំថ្នាលបច្ចេកវិទ្យាព័ត៌មាន ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមលំអានការងារ និងគោលការណ៍ ដែលយើងបានអនុវត្តន៍ក្នុងដំណាក់កាលទី១។
លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា យ៉ាងណាមិញដំណាក់កាលទី២នេះ ផ្ដោតជាសំខាន់ លើការស្នើសុំអាជ្ញាប័ណ្ណនិងលិខិតអនុញ្ញាតផ្សេងៗ ទៅតាមប្រភេទនៃសកម្មភាពអាជីវកម្ម ដែលមានការចូលរួមពីក្រសួងស្ថាប័នចំនួន៤ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
ការជ្រើសរើសយកក្រសួងស្ថាប័នចំនួន៤នេះ ចូលក្នុងដំណាក់កាលទី២នេះ គឺចូលក្នុងដំណាក់កាល នៃវិស័យដែលមានការស្នើសុំថ្មី ឬស្នើសុំបន្តសុពលភាពនៃសកម្មភាពធុរកិច្ចកន្លងមកក្នុងចំនួនច្រើន៕
No comments:
Post a Comment