ដោយៈតារា
ភ្នំពេញៈ រដ្ឋបាលខេត្តសៀមរាប និងភាគីជប៉ុនបានជួបជជែកគ្នាអំពីដំណើរឆ្ពោះទៅរៀបចំក្រុងសៀមរាប-ឆ្លាតវៃ ដែលគម្រោងទាំងនោះ នឹងបានចូលរួមជាមួយគម្រោងស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដើម្បីអភិវឌ្ឍក្រុងទេសចរណ៍សៀម រាប-អង្គរផងដែរ។
ផែនការដែលបានសិក្សា ដោយទីភ្នាក់ងារសហប្រតិបតិការអន្តរជាតិជប៉ុន (Jica) និងផែនការ ដែលនឹងសិក្សាដោយក្រុមការងាររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័នដឹកជញ្ជូន និងទេសចរណ៍ជប៉ុន អំពីគម្រោងរៀបចំ និងអនុវត្តសាកល្បង សៀមរាបទីក្រុងឆ្លាតវៃ នឹងមានសង្គតិភាពជាមួយគម្រោងស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។
អភិបាលខេត្តសៀមរាប លោកទៀ សីហាបានឱ្យដឹងបែបនេះ កាលពីម្សិលមិញ បន្ទាប់ពីជួបប្រជុំ ជាមួយភាគីជប៉ុន។
កិច្ចប្រជុំទី១ គឺជាកិច្ចប្រជុំរលើកទី៤ វាងក្រុមការងារទីក្រុងឆ្លាតវៃ នៃរដ្ឋបាលខេត្តសៀមរាប ជាមួយគណៈកម្មាធិការដឹកនាំទីក្រុងឆ្លាត នៃក្រុមអ្នកសិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលផ្តោតទៅលើគម្រោង នៃការប្រកួតប្រជែងគំនិតអាជីវកម្មទីក្រុងឆ្លាតសៀមរាប និងគម្រោង សាកល្បង។
ក្រុមសិក្សារបស់ Jica បានបង្ហាញចំនួន១៣គម្រោងដើម្បីជ្រើសរើស។ រដ្ឋបាលខេត្តសៀម រាប បានសម្រេចចិត្តទទួលយកនូវការគាំទ្រ ដើម្បីអនុវត្តសាកល្បងគម្រោងរៀបចំចំណតយានយន្តឆ្លាតវៃ (Smart Parking System In Siem Reap) ក្នុងវិស័យធ្វើដំណើរ និងដឹកជញ្ជូន ដែលនឹងត្រូវប្រតិបត្តិ ការដោយប្រើទិន្នន័យរូបភាពពីCCTV និងគម្រោងសាកល្បងលទ្ធភាព ប្រើប្រាស់ម៉ូតូអាគុយ (Smart Scooter) ដោយការផ្តល់សេវាជួលម៉ូតូអាគុយដល់ក្រុមហ៊ុននានា ដើម្បីឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់ក្នុងការធ្វើដំណើរ ដែលគម្រោងទាំងនេះ នឹងត្រូវអនុវត្តសាកល្បងនៅក្នុងអំឡុងខែតុលា។
នៅក្នុងកិច្ចពិភាក្សាមួយទៀត បានជជែកអំពីសំណើកន្លងមក គឺរដ្ឋបាលខេត្តសៀមរាប បានស្នើឲ្យ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន ផ្តល់កិច្ចសហប្រតិបត្តិការ រៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃអាស៊ាន ស្របតាមផែនការរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអា ស៊ាន។ សំណើនោះ គឺផ្តោតទៅលើការសិក្សាគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទី ក្រុងឆ្លាតវៃ និងគម្រោងរៀបចំបណ្តាញកាមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction) ។
តាមរយៈនៃជំនួបនេះ ភាគីជប៉ុនបានបង្ហាញនូវការគាំទ្រ និងចាប់ផ្តើមអនុវត្តកិច្ចការនេះ តាមរយៈ នៃការបញ្ជូនក្រុមការងារមកសិក្សាស្រាវជ្រាវ នាអំឡុងខែតុលាខាងមុខ។
កិច្ចព្រមព្រៀងគ្នានេះភាគីទាំង២ បានឈានទៅដល់ការចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំនេះតែម្តង បើទោះជាស្ថិត ក្នុងកាលៈ ទេសៈ នៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ៕
No comments:
Post a Comment