ដោយគង់ សូរិយា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកPatrick Murphyបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗជារួមបានទទួលជោគជ័យ និងកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលចាប់ពីរថយន្តFord ក្រុមហ៊ុន Facebook ហាងកាហ្វេ Starbucks និងហាងនំភីហ្សារបស់ក្រុមហ៊ុន Papa John ជាដើម។

លោកបានមានប្រសាសន៍៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងអាមេរិក និងកម្ពុជាកំពុងកើនឡើងគួរកត់សម្គាល់ពី១ឆ្នាំ ទៅ១ឆ្នាំ។

លោកបានអះអាងថា ក្រុមហ៊ុនអាមេរិកកាន់តែច្រើន កំពុងចូលមកកម្ពុជារៀងរាល់ឆ្នាំ ដែលនាំយកមកនូវអ្វីដែលលោកបានឱ្យដឹងថា ជាការអនុវត្តអាជីវកម្មប្រកបដោយក្រមសីលធម៌ ស្ដង់ដាការងារ និងបរិស្ថានខ្ពស់ និងកម្មវិធីទទួលខុសត្រូវសង្គម (CSR) របស់ក្រុមហ៊ុនដ៏រឹងមាំ ដែលផ្សារភ្ជាប់ជាមួយសហគមន៍ក្នុងប្រទេសកម្ពុជា។

លោកMurphy លើកឡើងថា "យើងសង្កេតឃើញថា ប្រជាជនកម្ពុជាស្វែងរកផលិត​ផល និងសេវាកម្មដែលមានគុណភាពខ្ពស់ និងមានតម្រូវការច្រើន"។លោកបន្តថា " អ្នកនឹងមើលឃើញយីហោហាងទាំងនេះ នៅកម្ពុជាកាន់តែច្រើន នៅអាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ ដូចជានៅទីក្រុងបាងកក ប្រទេសសិង្ហបុរី និងទីក្រុងហូជីមិញ"។

លោកបានថ្លែងបន្តថា "នៅពេលនេះ ដល់ពេលវេលាដែលត្រូវមើលឃើញយីហោទាំងនេះ នៅទីក្រុងភ្នំពេញផងដែរហើយ។ ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងបង្កើនការយល់ដឹងអំពីឱកាសពាណិជ្ជកម្មដ៏អស្ចារ្យ និងការបង្កើតទំនាក់ទំនង ដែលផ្ដល់លទ្ធផលសម្រាប់ប្រទេសទាំង២"។

ជាមួយគ្នានេះ ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ របស់សហរដ្ឋអាមេរិកជាច្រើន ដែលបានលក់Master ឬ Franchise មកកាន់ទីផ្សារកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុនCentur21 Cambodia , ERA Cambodia , Cowel Bangker, ក្រុមហ៊ុនKW Cambodiaជាដើមក៏បាននិងកំពុងរីកចម្រើននៅលើទីផ្សារ ដែលកំពុងលេចឡើងយ៉ាងលឿននេះផងដែរ៕