ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ទោះបីជារាជរដ្ឋាភិបាលបាន និងកំពុងខិតខំធ្វើបរិវត្តកម្មឌីជីថល ប៉ុន្តែការងារកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងមិនអាចសម្រេចឡើយ បើតួអង្គពាក់ព័ន្ធនៃប្រព័ន្ធអេកូឡូស៊ី មិនដើរស្រប់គ្នា និងមិនចាប់ផ្ដើមចាប់យកបច្ចេកវិទ្យាឌីជីថលនេះមកប្រើប្រាស់ ។ នេះបើតាមលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងនៅព្រឹកថ្ងៃទី១កញ្ញា២០២១នេះ។
លោកបន្តថា វិស័យឯកជនដើរតួនាទីជាតួអង្គដ៏សំខាន់មួយ ដែលត្រូវចាប់ផ្ដល់ធ្វើបរិវត្តនកម្មឌីជីថល ក្នុងអាជីវកម្មរបស់ខ្លួន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការអាជីវកម្ម និងសម្រាប់ជាមធ្យោបាយ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន ក៏ដូចជាការលក់ដូរអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម"។
លោកបានផ្ដល់ជាអនុសាសន៍មួយចំនួន ដល់វិស័យឯកជនក្នុងការចាប់ផ្ដើមគិតគូរធ្វើបរិវត្តកម្មឌីជីថលរួមមាន ទី១ គួរផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបធ្វើការតាមយុគបច្ចេកវិទ្យាឌីជីថល ព្រោះការធ្វើបរិវត្តកម្មឌីជីថល មិនមែនជាដំណើរការដែលធ្វើតែមួយលើកឬមួយពេលនោះទេ ពោលគឺជាដំណើរការ ដែលត្រូវធ្វើជាប្រចាំ។ ដូច្នេះយើងត្រូវពង្រឹងសមត្ថកភាពសម្របខ្លួន និងសមត្ថភាពផ្លាស់ប្តូររហ័ស ដើម្បីរកដំណោះស្រាយថ្មីៗធ្វើឱ្យបរិវត្តកម្មឌីជីថល កាន់តែមានប្រសិទ្ធភាព និងមានសន្ទុះលឿន។
ទី២ កំណត់ចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងធ្វើការវាយតម្លៃឡើយវិញ នូវសមត្ថភាពនិងធានធានរបស់ខ្លួន ទី៣ កំណត់អាទិភាពនៃការធ្វើឌីជីថលូបនីយកម្ម ទាំងលើផ្នែកប្រតិបត្តិការនិងផ្នែកទីផ្សារ និងទី៤ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសហបង្កើតថ្មី រវាងរដ្ឋនិងឯកជន ឬឯកជននិងឯកជននិងពនិត្យនិងស្វងរកកម្មវិធីគាំទ្រផ្សេងៗរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងដាក់ឱ្យមានកម្មវិធីគាំទ្រថ្នាក់ជាតិ ដល់សហគ្រាសធុនតូចនិងមធ្យម ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ដែលកម្មវិធីនេះ មានការគិតគូរជាកញ្ចប់ និងគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពហិរញ្ញវត្ថុបច្ចេកទេសនិងជំនាញ។
លោកបន្ថែមថា "តាមរយៈប្រព័ន្ធចុះបញ្ជីតាមអេឡិចត្រូនិក នឹងជួយសម្រួលដល់ធុរជន និងវិនិយោគិនក្នុងការចុះបញ្ជីអាជីវកម្ម ហើយនឹងទាក់ទាញដល់ធុរជន និងវិនិយោគិនដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ និងបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា"៕
No comments:
Post a Comment