ដោយៈសុខុម

ប្រទេសចិនៈ អគារខ្ពស់ត្រដឹម និងធំស្កឹមស្កៃ Grand Lisboa គឺជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយនៅក្រុងម៉ាកាវ ប្រទេសចិន ជាមួយនឹងរចនាប័ទ្មយ៉ាងស្រស់ស្អាតប្លែកបែបផ្កាឈូក។

អ្នកខ្លះអាចនឹងស្មានថា អគារនេះត្រូវបានសាងសង់ឡើងយ៉ាងពិសេស ដើម្បីឧទ្ទិសដល់សាសនាផងក៏មិនដឹង ព្រោះដូចយើងដឹងហើយថា ផ្កាឈូកជានិមិត្តរូបតំណាងឱ្យព្រះពុទ្ធសាសនា។

ប៉ុន្តែតាមពិត អគារ៥២ជាន់ដែលមានកម្ពស់២៦១ម៉ែត្រនេះ គឺជាសណ្ឋាគារ & កាស៊ីណូ ដូចសណ្ឋាគារ Naga World នៅកម្ពុជាយើងដែរ។ ឌីហ្សាញប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Dennis Lau & Ng Chun Man Architects & Engineers (HK) Ltd អគារដែលមានពណ៌ស្រស់ឆើតឆាយនេះ កាន់កាប់ដោយក្រុមហ៊ុន Sociedade de Turismo e Diversões de Macau (STDM)។

កាស៊ីណូ  & ភោជនីយដ្ឋានក្នុងអគារនេះ បានបើកដំណើរការនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៧ ចំណែកឯសណ្ឋាគារបានបើកដំណើរការនៅខែធ្នូ ឆ្នាំ២០០៨។ កាស៊ីណូនៅទីនេះមានតុល្បែងចំនួន៨០០តុ និងស្លុតម៉ាស៊ីន (slot machine) ចំនួន១.០០០។

សណ្ឋាគារខាងលើនេះ មានបន្ទប់គេងធម្មតា និងបន្ទប់គេងប្រភេទស្វីត (suite) សរុបចំនួន៤៣០បន្ទប់។ ទោះជាយ៉ាងណា គ្មានព័ត៌មានលម្អិតបន្ថែមទៀតឡើយ ជុំវិញអគារផ្កាឈូកនេះ។

Grand Lisboa គឺជាអគារខ្ពស់បំផុតប្រចាំក្រុងម៉ាកាវ និងស្អាតប្លែកខុសពីគេ។ បើធ្វើដំណើរកម្សាន្តទៅកាន់ក្រុងម៉ាកាវ ដោយមិនបានចូលកន្លែងនេះ ប្រៀបដូចមិនបានទៅអញ្ចឹង ពោលគឺមិនខុសពីមកលេងប្រទេសកម្ពុជា ដោយមិនបានទៅទស្សនាប្រាសាទអង្គរវត្តនោះឡើយ៕