ដោយៈសុខុម

បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃ Singha Estate Plc គ្រោងចាប់ផ្ដើមដំណើរការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន កម្ពស់ទាបដល់ទៅ៣គំរោងចាប់ពីឆ្នាំ២០២២ បន្ទាប់ពីផ្អាកគម្រោងខុនដូថ្មីៗរបស់ខ្លួន ក្នុងរយៈពេល១៨ខែចុងក្រោយនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី០១ កញ្ញា នេះ។

ដំណឹងនេះអាចចាត់ទុកជាសញ្ញាវិជ្ជមាន សម្រាប់វិស័យអចលនទ្រព្យ មិនត្រឹមនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់តំបន់ផងដែរ ខណៈវិបត្តិកូវីដ-១៩ មិនដឹងចប់នៅពេលណា។

លោក Chairath Sivapornpan ប្រធានផ្នែកហិរញ្ញវត្ថុ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចល​នទ្រព្យដែលចុះបញ្ជីនៅផ្សារមូលបត្រថៃ ខាងលើនេះបានលើកឡើងថា គម្រោងទី១ ដែលគ្រោងចាប់ផ្ដើមនៅត្រីមាសទី៣ ឆ្នាំ២០២២ នឹងមានយូនីតដែលមានតម្លៃចន្លោះពី៥០លានបាត (១,៥៥លានដុល្លារអាមេរិក) ទៅ១០០លានបាត (៣,០៩លានដុល្លារអាមេរិក) ជាផ្នែកមួយដែលក្រុមហ៊ុនមានជំនាញ។

លោកបន្ថែមទៀតថា "លំនៅដ្ឋានប្រណីតប្រភេទផ្ទះដាច់ៗពីគ្នា គឺមានតម្រូវការខ្ពស់។ យើងកំពុងព្យាយាមទិញដីធ្លី២កន្លែងទៀត សម្រាប់ចាប់ផ្ដើមគម្រោងលំនៅដ្ឋាននៅឆ្នាំក្រោយ"។ លោកបន្ថែមថា "តម្លៃគោលដៅរបស់យើង នឹងមានចន្លោះពី១០លានបាត (៣០៩.០០០ដុល្លារអាមេរិក) ទៅ១០០លានបាត (១,៥៥លានដុល្លារអាមេរិក)"។

ចាប់តាំងពីខែកុម្ភៈឆ្នាំមុនមក ក្រុមហ៊ុននេះបានផ្អាកការបើកដំណើរការ គម្រោងខុនដូថ្មីៗ នៅពេលទីផ្សារអចលនទ្រព្យ មានផ្ទះលក់មិនចេញច្រើន ហើយតម្រូវការធ្លាក់ចុះខ្លាំងអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩។

លោក Chairath Sivapornpan បានថ្លែងថា ក្រុមហ៊ុននឹងផ្តោតលើស្តុកខុនដូមានស្រាប់ ដែលមានតម្លៃសរុបចំនួន៦,៦២ពាន់លានបាត (២០៥លានដុល្លារ) ពីគម្រោងចំនួន៣។

ប្រធានផ្នែកហិរញ្ញវត្ថុរូបនេះបានគូសបញ្ជាក់ថា "យើងនឹងចាប់ផ្ដើមដំណើរការប៊្រែន (ម៉ាកយីហោ) The Extro ឡើងវិញនៅដំណាច់ឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់រដ្ឋាភិបាល បើកព្រំដែនស្វាគមន៍ជនបរទេសឡើងវិញ។ ប្រទេសថៃ នៅតែជាជម្រើ​សកំពូលសម្រាប់ការទិញផ្ទះទី២ ក្នុងចំណោមអ្នកទិញមកពីហុងកុង និងប្រទេសចិន"។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Singha Estate ក៏បានធ្វើពិពិធកម្មក្នុងវិស័យអចលនទ្រព្យផងដែរ តាមរយៈការហក់ចូលអភិវឌ្ឍវិស័យសួនឧស្សាហកម្ម ដោយគ្រោងបោះទុន១,៨ពាន់លានបាត (៥៥,៧លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍហេដ្ឋារចនាស   ម្ព័ន្ធ និងបណ្ដាញទឹកភ្លើង នៅក្នុងគម្រោងសួនឧស្សាហកម្មថ្មីមួយ នៅខេត្តអាងថុង (Ang Thong) នៅឆ្នាំក្រោយ៕