ដោយៈតារា

កែបៈ រដ្ឋបាលខេត្តកែបបានឱ្យដឹងថា ចំណតជលយានសេះស (កំពង់ផែសេះ-ស) ដែលជាកំពង់ផែដឹកទំនិញលើកដំបូងរបស់ខេត្តកែប មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់អូរក្រសារ ក្រុងកែប នឹងចាប់ផ្ដើមដំណើរការសាងសង់ នៅពាក់កណ្ដាលខែកញ្ញានេះហើយ។

គម្រោងសាងសង់កំពង់ផែនេះ ជាការវិនិយោគរួមគ្នារវាងរដ្ឋ និងក្រុមហ៊ុនឯកជន   រយៈពេល១៥ឆ្នាំ លើគម្រោងទឹកប្រាក់វិនិយោគចំនួនជាង១,៩លានដុល្លារ ហើយកំពង់ផែនេះ នៅពេលសាងសង់រួច នឹងមានសមត្ថភាពអាចឲ្យសាឡាងដឹកទំនិញ ចេញចូលបានចាប់ពីចំណុះ១០តោន ទៅ១០០០តោន។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា ការអនុវត្តគម្រោងវិនិយោគសាង សង់កំពង់ផែសេះ-សនេះ ក្នុងគោលបំណងរួមចំណែកធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារ លើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប៕