ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពកូវីដ១៩ នៅក្នុងខេត្តព្រះសីហនុបានត្រលប់មកប្រសើរឡើងវិញ ដែលជាហេតុធ្វើឱ្យរដ្ឋបាលខេត្ត អាចបើកដំណើរការអាជីវកម្មមួយចំនួនឡើងវិញ ជួលសម្រួលដល់ការងាររបស់ប្រជាពលរដ្ឋ ក្នុងខេត្តនេះផ្ទាល់តែម្ដង។

លោកតាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ កញ្ញានេះថា ដោយអនុវត្តតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ និងសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បើកអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានឡើងវិញ ព្រោះបច្ចុប្បន្ន ស្ថានភាពនៃការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុមានលក្ខណៈធូរស្រាល និងល្អប្រសើរដូចនេះ ដើម្បីសម្រួលដល់សកម្មភាពអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានផង ក៏ដូចជា បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តរភាព។

លោកបន្តថា "ម្ចាស់អាជីវកម្មដែលអនុញ្ញាតឱ្យភ្ញៀវ ចូលទទួលទានអាហារនៅក្នុង ទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោលការណ៍ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី ៦ តម្រូវឱ្យម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាតបញ្ជាក់ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩    ចំនួន២លើកបានរួចរាល់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវយកសំណាកចំនួន ២លើកក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម ។

លោកតាំង សុចិត្រគ្រឹះស្នាបានបញ្ជាក់ថា ម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារ    ដ្ឋានទាំងអស់ត្រូវគោរពឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមវិធានការ"៣កុំ ៣ការពារ" របស់សម្តេចតេជោ វិធានការសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

កាលពីចុងខែសីហា២០២១កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ក៏បានបញ្ជាក់ថា ចំនួនអ្នកឆ្លងកូវីដ១៩ថយចុះ នៅរយៈពេលចុងក្រោយនេះ ជាសញ្ញាវិជ្ជមាន ក្នុងការបើកសង្គមសេដ្ឋកិច្ចឡើងវិញ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនដែលមានការឆ្លងខ្លាំងពីមុន ។

កាលពីម្សិលមិញនេះដែរ ក្រសួងទេសចរណ៍ ក៏បានណែនាំដល់អាជីវកម្មទេស​ចរណ៍មួយចំនួន ក្នុងការអនុវត្តស្ដង់ដារប្រតិបត្តិអប្បបរិមាតាមគន្លងប្រក្រតីភាពថ្មី។ អាជីវកម្មចំនួន ដែលក្រសួងកំណត់ក្នុងការអនុវត្ត រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេស​ចរណ៍  អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍៕