ដោយៈ សុផារី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ឱ្យមានការហោះហើរឡើងរបស់ជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្បើយឡើងវិញ។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី តំបន់ និងឆាកអន្តរជាតិផងដែរ។
កន្លងមក រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្តល់នូវជំនួយនានា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។
សម្តេចតេជោបានមានប្រសាសន៍ថា "ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់សម្រាប់តម្រូវការរបស់កម្ពុជា ក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩"។
សម្តេចតេជោ ហ៊ុន សែនបានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀតអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។
សម្តេចតេជោ ក៏បានឆ្លៀតសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជាជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន។
កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសជប៉ុន។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយ គាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀត ក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕
No comments:
Post a Comment