ដោយ៖ សុផារី
ហ្វីលីពីន៖ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រីកការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងការដំណើរការសេវាកម្មវិស្វកម្ម សម្រាប់គម្រោងស្ពានអន្តរកោះ ដែលជាការទន្ទឹងរង់ចាំរបស់នាយកដ្ឋានសាធារណការនិងផ្លូវហាយវេ (DPWH) នៅ Western Visayas ប្រទេសហ្វីលីពីន។
លោក Roger G. Mercado លេខាធិការស្តីទីនាយកដ្ឋានសាធារណការនិងផ្លូវហាយវេ DPWH បាននិយាយថា នឹងមានដំណើរការឆ្ពោះទៅមុខឆាប់ៗ បន្ទាប់ពីការបញ្ចប់ការសិក្សាលទ្ធភាពបន្ថែមដោយជនជាតិកូរ៉េ លើការរចនាវិស្វកម្មលម្អិតនៃគម្រោងស្ពាន Panay-Guimaras-Negros (PGN)។
កំណត់ហេតុនៃការពិភាក្សាសម្រាប់ជំនួយហិរញ្ញវត្ថុលើសេវាកម្មវិស្វកម្ម រួមទាំងជំនួយផ្នែកវិស្វកម្មបឋម និងលម្អិត និងលទ្ធកម្មដែលទាមទារមុនពេលសាងសង់ស្ពាន ត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ដោយលោក Emil K Sadain អនុលេខាធិការសម្រាប់ប្រតិបត្តិការការិយាល័យគ្រប់គ្រងបង្រួបបង្រួម (UPMO) និងលោក Jae-jeong Moon នាយកប្រចាំប្រទេស នៃការិយាល័យធនាគារ Korea Export-Import (KEXIM) ប្រចាំទីក្រុងម៉ានីល។
ស្ពានកោះដែលបានស្នើឡើងតភ្ជាប់កោះPanay កោះ Guimaras និងកោះNegros ត្រូវបានចែកជាពីរផ្នែក ក្នុងនោះផ្នែកA (Panay-Guimaras) មានប្រវែងសរុប១៣ គីឡូម៉ែត្រ ដែលនឹងមានប្រវែងស្ពានឆ្លងកាត់សមុទ្រ៤,៩៧គីឡូម៉ែត្រ និង ផ្នែកB (Guimaras-Negros) មានប្រវែងសរុប១៩,៤៧ គីឡូម៉ែត្រ រួមទាំងប្រវែងស្ពានឆ្លងសមុទ្រ ១៣.១១ គីឡូម៉ែត្រ។
របាយការណ៍សិក្សាលទ្ធភាពបន្ថែម និងការផ្តល់សេវាវិស្វកម្មសម្រាប់គម្រោងនេះត្រូវបានអនុម័តដោយគណៈកម្មាធិការសម្របសម្រួលការវិនិយោគរបស់ក្រុមប្រឹក្សាភិបាល NEDA នៅក្នុងខែសីហា ឆ្នាំ២០២១។
ស្ពានប្រវែង៣២គីឡូម៉ែត្រនេះ គឺជាគម្រោងដ៏ធំនិងស្មុគ្រស្មាញមួយ ដែលតម្រូវឱ្យមានការងារវិស្វកម្មដ៏ទូលំទូលាយ និងស្តង់ដារខ្ពស់ ដែលសេវាកម្មដោយអ្នកប្រឹក្សាយោបល់ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងស្ពានប្រវែងវែង នឹងជួយ DPWH រៀបចំការសាងសង់ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕
No comments:
Post a Comment