ដោយៈ សុផារី

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបឱ្យដឹងថា ក្រសួងបាននិងកំពុងសិក្សាតភ្ជាប់ការដឹកជញ្ជូនទំនិញ តាមផ្លូវទឹកពីរាជធានីភ្នំពេញ ឆ្ពោះទៅសមុទ្រខេត្តកែប ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ ចេញទៅក្រៅប្រទេសតាមសមុទ្រ ដោយមិនបាច់ឆ្លងកាត់ប្រទេសវៀតណាម។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការ​ងារសម្រាប់ឆ្នាំថ្មីកាលពីសប្តាហ៍មុន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបថា គម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹក ពីកំពង់ផែស្វយ័តភ្នំពេញ ទៅកាន់សមុទ្រក្នុងខេត្តកែប បានសិក្សារួចហើយ ហើយលោកក៏បានជម្រា​បទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយផងដែរ។ បន្ថែមពីលើនោះ ក៏មានការពិភាក្សាទិដ្ឋភាពផ្លូវច្បាប់នានា ជាមួយក្រសួងធនធានទឹកពាក់ព័ន្ធច្បាប់ទន្លេមេគង្គ ហើយក៏មិនមានបញ្ហាអ្វីនោះដែរ។

ការដឹកជញ្ជូនទំនិញចេញ- ចូលប្រទេសកម្ពុជា តាមផ្លូវទឹកពីសមុទ្រចូលមកកំពង់ផែស្វយ័តភ្នំពេញ នាពេលបច្ចុប្បន្ន គឺត្រូវឆ្លងកាត់ប្រទេសវៀតណាម ច្រកក្អមសំណរ ដែលទាមទារឱ្យមានការបំពេញនីតិវិធីនានា ហើយជាឧបសគ្គមួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

លោកស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា ការតភ្ជាប់បណ្តាញទឹកជញ្ជូនផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រខេត្តកែប នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនសម្រាប់កម្ពុជា ជាពិសេសការតភ្ជាប់បណ្តាញទឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់ទីផ្សារអន្តរជាតិ។

លោកបានគូសបញ្ជាក់ថា "យើងចង់មានការរីកចម្រើនដឹកជញ្ជូនតាមផ្លូវទឹក ហើយខេត្តមួយចំនួនដូចជាខេត្តតាកែវជាដើម នឹងទទួលបានផលល្អពីការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅសមុទ្រត្រង់តែម្តង"។លោកបន្តថា "វាចំណេញច្រើន ការដឹកជញ្ជូន នៅតាមនឹងចំណេញប្រហែល៨០គីឡូម៉ែត្រ ហើយមិនសូវមានបែបបទច្រើន ព្រោះនៅក្នុងទឹកដីប្រទេសយើង"។

ការតភ្ជាប់នេះ គឺប្រើផ្លូវទឹកធម្មជាតិដែលមានស្រាប់ ហើយមានការជីកផ្លូវទឹកថ្មី ភ្ជាប់ទៅសមុទ្រចម្ងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះ៕