The Cambodia Daily
02-02-2022
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD = People Movement for Democracy - Cambodia) អំពាវនាវឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទទាំងអស់ លើអនុប្រធានក្រុមប្រឹក្សាភិបាល នៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ដើម្បីបើកឱកាសឱ្យលោក អាចចូលរួមប្រកួតប្រជែងនយោបាយដោយស្មើមុខគ្នា ដោយសេរី និងយុត្តិធម៌លើទីលាននយោបាយនៅកម្ពុជា។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទូចឲ្យមេដឹកនាំបក្សកាន់អំណាច គួរតែទម្លាក់ចោលបទចោទទាំងអយុត្តិធម៌លើលោក គឹម សុខ ដើម្បីឱ្យលោកមានលទ្ធភាពពេញលេញស្របតាមច្បាប់ ដើម្បីប្រកួតប្រជែងទល់នឹងលោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សកាន់អំណាច។
លោក ទូច វិបុល អះអាងថា ការធ្វើបែបនេះក៏ជាហេតុផលមួយ ដើម្បីជម្រះមន្ទិលពីសាធារណមតិជាតិ និងអន្តរជាតិផងដែរ នូវមតិរិះគន់ដែលថាលោក ហ៊ុន សែន តែងតាំងកូនប្រុសខ្លួនឯង ឱ្យឈរឈ្មោះជាបក្ខជននាយករដ្ឋមន្ត្រីបាន ប៉ុន្តែបែរជារឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋស្លូតត្រង់ដូចជាលោក គឹម សុខ ជាដើម មិនឱ្យចូលរួមកិច្ចការនយោបាយ ដើម្បីកសាងប្រទេសជាតិដែរនោះ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ជាក់ថា ពលរដ្ឋខ្មែរជាម្ចាស់ទឹកដីមានសិទ្ធិសេរីភាពពេញលេញស្របច្បាប់ ក្នុងការចូលរួមកិច្ចការនយោបាយដែលធានា និងការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដើម្បីចូលរួមកសាងប្រទេសជាតិរបស់ខ្លួន។
ការចេញសេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច ប្រតិកម្មខ្លាំងៗដោយការប្រមាថមាក់ងាយធ្ងន់ៗ លើក្រុមបញ្ញវន្តខ្មែរ ដែលកំពុងតស៊ូមតិយ៉ាងស្វិតស្វាញនៅក្រៅប្រទេស។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗ ដែលទំនងជាសំដៅទៅដល់អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ ដែលបានថ្លែងក្នុងកិច្ចពិភាក្សា Idea Talk កាលពីពេលថ្មីៗនេះថា ក្រុមរបស់លោក គឹម សុខ គឺជាក្រុមអត់ការងារធ្វើ បានជាប្រឹងវិភាគពីការដឹកនាំរបស់លោក សូម្បីតែលោកនាំកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទៅចូលគាល់ព្រះមហាក្សត្រក៏នាំគ្នាវិភាគទៅរួចដែរ។
បុរសខ្លាំងឧស្សាហ៍ប្រើកណ្ដាប់ដៃដែករូបនេះ បានស្នើដល់ក្រុមរបស់លោក គឹម សុខ ថាគួរតែនាំគ្នាខំរៀនឱ្យបានច្រើន ក្រែងលោថ្ងៃក្រោយអាចទៅចូលរួមធ្វើនយោបាយ នៅកម្ពុជាវិញ។ លោក ហ៊ុន សែន ក៏ឆ្លៀតឌឺដងថា ដោយសារតែមានក្រុមដែលគ្មានសមត្ថភាពបែបនេះហើយ ទើបគណបក្សកាន់អំណាចរបស់លោក ចេះតែឈ្នះឆ្នោតរហូតមកទល់ពេលនេះ ហើយក៏ជាសំណាងរបស់បក្សកាន់អំណាចទៅវិញ។
យ៉ាងណាក៏ដោយ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣១ ខែមករា នេះថា លក្ខខណ្ឌងាយៗ ដើម្បីឱ្យដឹងច្បាស់ថា លោកមានសមត្ថភាព ឬមិនមានសមត្ថភាព លោក ហ៊ុន សែន គួរតែបើកផ្លូវឱ្យលោក អាចចូលទៅកម្ពុជានៅពេលនេះ ព្រោះថាលោកមិនខ្លាចនឹងចូលទៅក្នុងស្រុក ដើម្បីប្រកួតប្រជែងដោយយុត្តិធម៌នោះឡើយ។
លោក គឹម សុខ បញ្ជាក់ថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទម្លាក់ចោលបទចោទទាំងអយុត្តិធម៌លើរូបលោកកន្លងមក លោកនឹងចូលទៅកម្ពុជា ដើម្បីដឹកនាំពលរដ្ឋទាមទាររកយុត្តិធម៌សង្គម ដែលកំពុងរងនូវភាពអយុត្តិធម៌ ក្រោមការដឹកនាំរបស់បក្សកាន់អំណាចសព្វថ្ងៃនេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីខែសីហា ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្តឹងលោក គឹម សុខ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាសាធារណៈពាក់ព័ន្ធករណីចោទថា «ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការសម្លាប់មនុស្សល្បីៗ ហើយរកឃាតកពិតមិនឃើញ»។
ក្នុងករណីនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអ្នកវិភាគនយោបាយរូបនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ។ ជាងនេះទៀត តុលាការបង្គាប់ឲ្យលោក បង់ប្រាក់ពិន័យចំនួន ៨ លានរៀលចូលថវិកាជាតិ និងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្តឹងចំនួន ៨០០ លានរៀល ឬប្រមាណជា ២០ ម៉ឺនដុល្លារអាមេរិក។
ដោយមានការគំរាមកំហែងសុវត្ថិភាពពីរដ្ឋាភិបាលកម្ពុជាឥតស្រាកស្រាន្ត លោក គឹម សុខ បានភៀសខ្លួនទៅក្រៅប្រទេស កាលពីចុងឆ្នាំ ២០១៨ ក្រោយពេលលោក ចេញពីពន្ធនាគារវិញ និងបានទទួលសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រីរបស់លោក រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

No comments:
Post a Comment