ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុន China Evergrande Group និយាយនៅថ្ងៃពុធ ទី៣០ ខែមីនា នេះថា ខ្លួននឹងលក់គម្រោង Crystal City Project របស់ខ្លួននៅក្រុងហាងចូវ (Hangzhou) ប្រទេសចិនក្នុងតម្លៃ៥៧៥លានដុល្លារអាមេរិក ឱ្យទៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចំនួនពីរ ខណៈវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងររបស់ក្រុមហ៊ុននេះ ធ្វើឱ្យគម្រោងនានារបស់ខ្លួនត្រូវរាំងស្ទះកណ្ដាលទី។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ខ្នាតយក្សមួយនេះបានលើកឡើង តាមរយៈឯកសារមួយថា ខ្លួនកំពុងលក់គម្រោងដែលកំពុងសាងសង់ រួមមានដី និងអគារឱ្យទៅក្រុមហ៊ុន Zhejiang Zhejian Real Estate Group និងក្រុមហ៊ុន Zhejiang Construction Engineering Group។

ក្រុមហ៊ុននេះ នឹងប្រើប្រាស់ប្រាក់បានពីការលក់នេះ ដើម្បីសងថ្លៃសំណង់ចំនួន១៤៥លានដុល្លារអាមេរិក ដែលខ្លួនជំពាក់ក្រុមហ៊ុមវិស្វកម្មសំណង់ Zhejiang Construction Engineering ហើយសល់ប៉ុន្មានទុកធ្វើជាដើមទុនផ្ទាល់ខ្លួន។ តាមការរំពឹងទុកកិច្ចព្រមព្រៀងនេះ នឹងទទួលបានប្រាក់ចំណេញប្រមាណ៣៤លានដុល្លារ។

ដោយជាប់ផុងក្នុងបំណុលគរដូចភ្នំ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande បាននិងកំពុងជួបការលំបាកត្រដាបត្រដួស នៅក្នុងការសងបំណុលអ្នកផ្គត់ផ្គង់ ធនាគារ ហើយគម្រោងនានារបស់ខ្លួនត្រូវជាប់គាំងកណ្ដាលទី។

បណ្ដាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ បានហក់ចូលជួយ នៅក្នុងដំណើរការរៀបចំឥណទានឡើងវិញ និងបានកាន់កាប់ទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុននេះ ដើម្បីរម្ងាប់ការជ្រួលច្របល់ក្នុងទីផ្សារដែលព្រួយបារម្ភខ្លាចក្រុមហ៊ុនខ្នាតយក្សមួយនេះដួលរលំ។

តាមរយៈឯកសារដាច់ដោយឡែកមួយកាលពីល្ងាចថ្ងៃអង្គារ ទី២៩ ខែមីនា ក្រុមហ៊ុន Evergrande បានបញ្ជាក់ថា ខ្លួនបានបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតករណីធនាគារ ដែលជាម្ចាស់បំណុលរឹបអូសយកប្រាក់ តម្កល់ជាង២.១ពាន់លានដុល្លារ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធខ្លួន Evergrande Property Services Group ដែលរក្សាទុកជាប្រាក់ធានាសម្រាប់តតិយជន (ភាគីទី៣)៕  Reuters៕