ដោយៈសុខុម

      ហុងកុង: តម្លៃផ្ទះឯកជននៅក្រុងហុងកុង បានធ្លាក់ចុះយ៉ាងលឿនក្នុងខែកុម្ភៈ មកដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមករា ដើមឆ្នាំ២០២១ នៅពេលមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំអាស៊ី មួយនេះទទួលរងការវាយប្រហារពីវិបត្តិកូវីដ-១៩ រលកថ្មី។

ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃអង្គារ ទី២៩ ខែមីនា នេះថា តម្លៃផ្ទះបានធ្លាក់ចុះ២,០៨%កាលពីខែមុន ដែលជាការធ្លាក់ចុះដ៏ខ្លាំងបំផុត មិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយធៀបនឹងការធ្លាក់ចុះ០,៨៩%ក្នុងខែមករា។

ក្នុងខែនេះទីក្រុងហុងកុង ត្រូវបានក្រុមហ៊ុនស្ទង់មតិ Demographia ដាក់ចំណាត់ថ្នាក់ជាថ្មីម្ដងទៀតជាទីផ្សារលំនៅដ្ឋានដែលថ្លៃបំផុត របស់ពិភពលោកសម្រាប់រយៈពេល១២ឆ្នាំជាប់ៗគ្នា។

ទោះជាយ៉ាងណា តម្លៃផ្ទះចាប់ផ្ដើមធ្លាក់ចុះ ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងខែកញ្ញា ឆ្នាំ២០២១។ ទីផ្សារលំនៅដ្ឋាននេះនៅតែមានភាពធន់ ទ្រាំ គួរឱ្យកត់សម្គាល់អំឡុងមហាបាតុកម្ម ដែលបានធ្វើឱ្យក្រុងនេះ ធ្លាក់ចូលក្នុងស្ថានភាពចលាចលក្នុងឆ្នាំ២០១៩ និងបានឆ្លងកាត់វិបត្តិរីករាលដាលវីរុសកូវីដ-១៩ យ៉ាងស្វាហាប់រយៈពេល២ឆ្នាំមកនេះ។ នោះក៏ដោយសារទីផ្សារនេះទទួលបានកំណើនរឹងមាំ និងអត្រាការប្រាក់ចុះថោកជាងមុន។

ការធ្លាក់ចុះតម្លៃបានបង្កើនល្បឿនកាលពីខែមុន នៅពេលករណីឆ្លងកូវីដ-១៩ ហក់ឡើងស្រឺតៗ

រដ្ឋាភិបាលក៏បានដាក់ចេញ នូវវិធានការរឹតបន្តឹងការជួបជុំយ៉ាងតឹងរ៉ឹងបំផុតចាប់តាំងពីខែមករា ដែលបានបង្កផលប៉ះពាល់ខ្លាំងដល់អាជីវកម្មជាច្រើន និងជំរុញឱ្យភ្នាក់ងារអចលនទ្រព្យនានា បន្ទាបការព្យាកររបស់ខ្លួនសម្រាប់តម្លៃពេញមួយឆ្នាំ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield រំពឹងថា ចំនួនប្រតិបត្តិការទិញលក់ផ្ទះនឹងធ្លាក់ចុះរហូតដល់ទៅជិត៥០%ក្នុងឆមាសទី១ បើធៀបនឹងឆ្នាំមុនមកដល់កម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្តែវានឹងងើបឡើងវិញនៅឆមាសទី២ ប្រសិនបើវិបត្តិកូវីដ-១៩ អាចគ្រប់គ្រងបាននៅមុនពាក់កណ្តាលឆ្នាំនេះ។

ក្រុមហ៊ុនរំពឹងថា តម្លៃផ្ទះនឹងហក់ឡើងពី០%ទៅ៣%សម្រាប់ឆ្នាំ២០២២ ទាំងមូល៕ Reuters៕