ដោយ: ម៉ាលីស
ភ្នំពេញ: បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងអនុញ្ញាតឱ្យជនបរទេសចូលមកកម្ពុជា បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្មនិងសកម្មភាពទេសចរណ៍ ក្នុងនិងក្រៅប្រទេសបានប្រសើរឡើងវិញតែយ់ាងណាក្ដីសម្រាប់វិស័យខុនដូ ក្នុងឆ្នាំ២០២២នេះវិស័យនេះនឹងមានការប្រសើរឡើងវិញ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ DNZ Realty លោករិន ច័ន្ទរឹទ្ធបានថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយគេហទំព័រ Property Area នៅក្នុងសប្តាហ៍នេះថា រហូតមកដល់ចុងត្រីមាសទី១ឆ្នាំ២០២២នេះ ការទិញលក់ ខុនដូនៅក្នុងប្រទេសកម្ពុជាមិនទាន់ប្រសើរឡើងវិញនៅឡើយទេ ដោយសារតែអតិថិជនដែលមានលទ្ធភាពទិញខុនដូបានរងផលប៉ះពាល់ពីកូវីដ១៩ ដែលធ្វើពួកគេមិនអាចទិញខុនដូបាននៅក្នុងបរិបទមួយនេះ ។
តែលោកនៅបន្តមានសុទិដ្ឋិនិយម និងរំពឹងថា ក្នុងឆ្នាំ២០២២នេះវិស័យនេះនឹងប្រសើរឡើងវិញ ស្របពេល វិស័យមួយចំនួនបានប្រសើរឡើងវិញផងដែរ ដូច្នេះទាំងការជួល ការទិញ លក់លើអចលនទ្រព្យនឹងអាចវិលត្រលប់ទៅកាន់ប្រក្រតីភាពទៅស្ថានភាពដើមវិញ។
បើយើងធ្វើការប្រៀបធៀបរវាងត្រីមាសទី១ ឆ្នាំ២០២២នេះទៅនឹងត្រីមាសទី១ឆ្នាំ២០២១កន្លង យើងឃើញថា កាលពីត្រីមាសទី១ឆ្នាំ២០២១កន្លងទៅ មានការលក់ដាច់ច្រើនជាងត្រីមាសទី១ឆ្នាំនេះផង ដោយសារតែពេលនោះគាត់នៅមានលុយមានលទ្ធភាព ហើយមកដល់ពេលនេះទោះបីជាបើកប្រទេសភ្លាមៗ បើកសេដ្ឋកិច្ចភ្លាមៗគាត់ក៏ពិបាកក្នុងការរកលុយបានមកទិញភ្លាមៗដែរ។
លោករិន ច័ន្ទរិទ្ឋបានបន្ថែមថា អ្នកទិញខុនដូកន្លងមក ដែលមានបំណងជាអ្នកវិនិយោគ ក៏ពិបាកក្នុងការរកអ្នកជួល ឬលក់បន្តណាស់ ដូច្នេះហើយទើបធ្វើឱ្យចរន្តនៃការទិញលក់ខុនដូ នៅកាន់តែពិបាកជាងកាលពីឆ្នាំ២០២១កន្លងទៅ។
ទោះជាយ៉ាងណាក្ដី គម្រោងខុនដូមួយចំនួនបានបន្ធូរបន្ថយ ទៅលើលក្ខខណ្ឌនៃការបង់ប្រាក់ ដើម្បីឱ្យការលក់គម្រោងខុនដូនោះឆាប់ដាច់ ជាក់ស្ដែងដូចជាខុនដូ Urban Village ដែលលោកទទួលលក់ជាដើម បានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនផងដែរ ដល់អតិថិជនដែលទិញខុនដូរបស់ខ្លួន។
លោកបន្តថា យោងតាមលក្ខ័ណ្ឌបន្ធូរបន្ថយ នៃការបង់ប្រាក់នឹងប្រម៉ូសិននានារបស់គំរោងខុនដូរនីមួយៗ ក៏ដូចជាការបើកដំនើរការឡើងវិញនូវទេសចរណ៍ និងសេដ្ឋកិច្ចនេះ នឹងធ្វើអោយ ប្រជាពលរដ្ឋមានស្ថិរភាពហិរញ្ញវត្ថុដូចដើម ដែលវិស័យនេះរពឹងនឹងមានការប្រសើរឡើងវិញផងដែរ៕
No comments:
Post a Comment