ដោយៈសុខុម

អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីធ្លាយដំណឹងថា សហរដ្ឋអាមេរិក គ្រោងនឹងចាត់វិធានការថ្មីៗដើម្បីបញ្ចុះតម្លៃប្រេងដែលហក់ឡើងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា នេះ។

ផ្អែកតាមសេចក្ដីរាយការណ៍បង្ហាញថា រដ្ឋាភិបាលរបស់លោក ចូ បៃឌិន កំពុងពិចារណាបញ្ចេញប្រេង រហូតដល់ទៅ១៨០លានបារ៉ែល នៅប៉ុន្មានខែខាងមុខនេះ ពីប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

ប្រសិនបើជាការពិតដូចការអះអាងមែន វានឹងក្លាយជាការបញ្ចេញស្តុកប្រេងដ៏ធំបំផុត មិនធ្លាប់មានចាប់តាំងប្រេងបម្រុង ជាយុទ្ធសាសត្រត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។

សង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ទៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យកក្រើក ទីផ្សារថាមពលពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះជុំវិញក្តីបារម្ភថា ការផ្គត់ផ្គង់នឹងត្រូវបានកាត់បន្ថយ។

នៅក្នុងការជួញដូរពេលរសៀលនេះ នៅតំបន់អាស៊ី សន្ទស្សន៍តម្លៃប្រេងរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៥,៤% មកនៅត្រឹម១០២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅលើទីផ្សារអង់គ្លេស បានធ្លាក់ចុះ៤,៦%មកនៅត្រឹមប្រមាណ១០៨ដុល្លារក្នុងមួយបារ៉ែល។

ការហក់ឡើងនូវតម្លៃប្រេងឥន្ធនៈ បានក្លាយជាបញ្ហានយោបាយដ៏សំខាន់នៅក្នុងសហរដ្ឋអាមេរិក នៅមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងធ្វើឡើងនៅខែវិច្ឆិកា។

សេតវិមាននិយាយថា លោក ចូ បៃឌិន នឹងថ្លែងសុន្ទរកថា នៅរសៀលថ្ងៃព្រហស្បតិ៍ នេះស្តីពីចំណាត់ការរបស់រដ្ឋាភិបាលលោក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងថ្លៃថាមពល និងឧស្ម័នហ្គាស។  ទោះជាយ៉ាងណា សេតវិមានមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតឡើយជុំវិញរឿងនេះ។

ដំណឹងស្ដីពីបញ្ចេញប្រេងយ៉ាងច្រើន សន្ធឹកសន្ធាប់ពីសំណាក់សហរដ្ឋអាមេរិក នេះធ្វើឡើងស្របពេលក្រុមប្រទេសនាំចេញប្រេង OPec+ គ្រោងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ នេះ៕ BBC៕