ដោយ៖ សុខុម
ហុងកុង: ធានាគារអាមេរិក Goldman Sachs បានព្យាករថា តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាននៅក្រុងហុងកុង អាចនឹងធ្លាក់ចុះរហូតដល់ទៅ២០%នៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៣០ ខែមីនា។
ការព្យាករនេះធ្វើឡើងនៅពេលប្រាក់ចំណូលរបស់ពលរដ្ឋ និងតម្រូវការរបស់អ្នកទិញផ្ទះដែលបង្កឡើងដោយសាររលកចុងក្រោយនៃការរីករាលដាលវីរុសកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់របស់បណ្ដាធនាគារអន្តរជាតិ។

ធនាគារវិនិយោគដ៏ធំមួយនេះបានទម្លាក់ការព្យាករអំពីតម្លៃលំនៅដ្ឋានសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៥ មកនៅត្រឹមធ្លាក់ចុះ៥%ជារៀងរាល់ឆ្នាំបើធៀបនឹងការព្យាករមុននេះថា តម្លៃនឹងនៅទ្រឹងសម្រាប់ទាំងពីរឆ្នាំ។ សម្រាប់ឆ្នាំ២០២៣ និង២០២៤ ធនាគារនេះបានរក្សាការព្យាកររបស់ខ្លួន គឺធ្លាក់ចុះ៥%។
ទីក្រុងហុងកុង ដែលត្រូវបានក្រុមហ៊ុនស្ទង់មតិ Demographia ដាក់ចំណាត់ថ្នាក់ថាជាទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោករយៈពេល១២ឆ្នាំជាប់ៗគ្នា បានប្រកាសពីការធ្លាក់ចុះ២,៩%នូវតម្លៃផ្ទះមកទល់ពេលនេះនៅឆ្នាំនេះ ដោយតម្លៃបានធ្លាក់ចុះលឿនក្នុងខែកុម្ភៈ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១។
តម្លៃផ្ទះបានហក់ឡើងលើសទ្វេដងក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ និងបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែកញ្ញា ឆ្នាំ២០២១។

ទីផ្សារលំនៅដ្ឋាននេះនៅតែមានភាពធន់ទ្រាំគួរឱ្យកត់សម្គាល់អំឡុងមហាបាតុកម្ម ដែលបានធ្វើឱ្យក្រុងនេះ ធ្លាក់ចូលក្នុងស្ថានភាពចលាចលក្នុងឆ្នាំ២០១៩ និងបានឆ្លងកាត់វិបត្តិរីករាលដាលវីរុសកូវីដ-១៩ យ៉ាងស្វាហាប់រយៈពេល២ឆ្នាំមកនេះ។ នោះក៏ដោយសារទីផ្សារនេះទទួលបានកំណើនរឹងមាំ និងអត្រាការប្រាក់ចុះថោកជាងមុន៕
No comments:
Post a Comment