ដោយៈ សុផារី

ភ្នំពេញៈ តាមរយៈការចូលរួមក្នុងសិក្ខាសាលា បង្កើនការយល់ដឹងអំពីស្តង់ដាយូរ៉ូកូដ (Eurocodes) រយៈពេល២ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ សិក្ខាកាមមកពីរដ្ឋាភិបាលនិងវិស័យឯកជននៅកម្ពុជា មានការយល់ដឹងកាន់តែច្បាស់ពីប្រភេទស្តង់ដាអឺរ៉ុបចំនួន១០ស៊េរី សម្រាប់ផ្តល់នូវអភិក្រមរួមមួយ សម្រាប់ប្រើប្រាស់ក្នុងការរចនាប្លង់អគារ ព្រមទាំងការងារវិស្វកម្មសំណង់ស៊ីវិល  និងផលិតផលសំណង់ដទៃទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាឱ្យដឹងថា សិក្ខាសាលាបង្កើនការយល់ដឹងអំពីស្តង់ដារយូរ៉ូកូដ គឺជាវេទិកាមួយ ដែលអ្នកជំនាញរបស់សហភាពអឺរ៉ុប ចែករំលែកចំណេះដឹងរបស់ពួកគេអំពីទិដ្ឋភាពបច្ចេកទេស និងឧបករណ៍ដែលមាន សម្រាប់អនុវត្ត និងប្រើប្រាស់ស្តង់ដារយូរ៉ូកូដ ។

សិក្ខាកាមក៏បានយល់ដឹងពីស្តង់ដារ យូរ៉ូកូដ ជំនាន់ក្រោយដែលនឹងត្រូវឱ្យអនុវត្ត ដើម្បីឆ្លើយតបចំពោះបញ្ហាថ្មីៗដែលនឹងកើតឡើង ដូចជា ការកែសម្រួលការរចនាប្លង់អគារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាដើម។

សិក្ខាកាមបានទទួលការណែនាំជាទូទៅអំពីប្រព័ន្ធសម្រាប់រចនាប្លង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាប្រព័ន្ធស្តង់ដាររបស់យូរ៉ូកូដ ព័ត៌មានលម្អិតផ្នែកបច្ចេកទេសស្ដីពីការរចនាសំណង់បេតុង និងសំណង់ដែក ព្រមទាំងការរចនាប្លង់បច្ចេកទេសទៅតាមស្ថានភាពភូមិសាស្ត្រ ដោយប្រើប្រាស់ស្តង់ដារយូរ៉ូកូដ។ ករណីសិក្សាដែលបង្ហាញពីការយកស្តង់ដារយូរ៉ូកូដ ទៅប្រើប្រាស់នៅតាមប្រទេសដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប ដូចជា ប្រទេសសិង្ហបុរី និងប្រទេសស៊ែប៊ី ជាដើម បាន ផ្តល់ជាឧទាហរណ៍ជារួមអំពីជំហានចាំបាច់ សម្រាប់អនុវត្តស្តង់ដារយូរ៉ូកូដ ព្រមទាំងក្របខ័ណ្ឌគតិយុត្ត ក្របខ័ណ្ឌស្តង់ដារ កម្មវិធីបណ្ដុះបណ្ដាល និងតំហែទាំ ដែលត្រូវមានអមជាមួយ។

លោកស្រី Camilla Lombard អនុប្រធានសហប្រតិបត្តិការ – និងជាទីប្រឹក្សានៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានពន្យល់ថា ស្ដង់ដារយូរ៉ូកូដ គ្របដណ្តប់លើរាល់វត្ថុធាតុដើមសំខាន់ៗទាំងអស់ ដែលប្រើប្រាស់ក្នុងវិស័យសំណង់ និងជាក្រមអនុវត្តដែលមានបច្ចុប្បន្នភាពបំផុត ដែលផ្តល់លទ្ធភាពឱ្យប្រទេសនីមួយៗយកទៅធ្វើការកែសម្រួលឱ្យស្របតាមស្ថានភាពរៀងៗខ្លួន។ ប្រព័ន្ធស្តង់ដារដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ វិស័យសំណង់បែបនេះ នឹងជួយធានានូវសុវត្ថិភាព ស្តង់ដារកម្រិតខ្ពស់ និងការសាងសង់ដែលមានការគិតគូរពីបរិស្ថានក្នុងតំបន់អាស៊ាន។

លោក លាង ម៉ូនីរិទ្ឋ                   រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់កម្ពុជាបានគូសបញ្ជាក់ថាលោក មានការជឿជាក់យ៉ាងមុតមាំថា សិក្ខាសាលាផ្សព្វផ្សាយពីស្តង់ដារយូរ៉ូកូដនៅថ្ងៃនេះ គឺជាសិក្ខាសាលាដ៏មានប្រយោជន៍ និងផ្តល់នូវធាតុចូលល្អៗជាច្រើន សម្រាប់ការកំណត់ពីកូដ និងស្តង់ដាររចនាអាគាររបស់កម្ពុជា ដែលកំពុងស្ថិតនៅក្នុងការពិចារណា ។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងវិទ្យាស្ថានស្តង់ដារកម្ពុជា បានបង្ហាញពីចំណាប់អារម្មណ៍អំពីសិក្ខាសាលានោះ បន្ទាប់ពីព្រឹត្តិការណ៍បង្ហាញស្តង់ដារយូរ៉ូកូដ ដល់រដ្ឋជាសមាជិកអាស៊ានទាំងអស់កាលពីឆ្នាំ ២០២១។        សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្រោមការសម្របសម្រួលរបស់កម្មវិធីលើកកម្ពស់កិច្ចពិគ្រោះយោបល់ និងថ្នាក់តំបន់រវាងសហភាពអឺរ៉ុបនិងអាស៊ាន (E-READI) ដែលទទួលបានថវិកាគាំទ្រពីសហភាពអឺរ៉ុប ៕