ដោយៈយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea

     ភ្នំពេញៈ វាលស្រែត្រូវបានចាក់បំពេញដោយដី អគារទាបៗមួយចំនួនត្រូវបានជំនួសដោយអគារកប់ពពក។ សមិទ្ឋផលទាំងនេះកើតចេញពីសន្តិភាព និងកំណើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ដែលធ្លាប់ជាប់ឋានៈជាប្រទេសទី៥ លើពិភពលោក ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេ មុនពេលវិបត្តិកូវីដដ៏បំផ្លិចបំផ្លាញមកដល់។

លំហូរទុនវិនិយោគច្រើនជាង៦០ពាន់លានដុល្លារ បានហូរចូលក្នុងវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ក្នុងរយៈពេលជាងពីររទសវត្សរ៍ចុងក្រោយនេះ។

ការអនុម័តដាក់ឲ្យប្រើប្រាស់នូវច្បាប់សហកម្មសិទ្ឋ ដែលអនុញ្ញាត្តឲ្យជនបរទេសជិតលំនៅដ្ឋានសហកម្មសិទ្ខចាប់ពីជាន់ទី១ឡើង កាលពីអំឡុងឆ្នាំ២០១០បានធ្វើឲ្យរាជធានីភ្នំពេញ ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត ផ្លាស់ប្តូរមុខមាត់ទាំងស្រុង ហើយរាជធានីភ្នំពេញ បាននិងកំពុងវិវត្តន៍ខ្លួនពីគំនរផេះផង់ មកជាទីក្រុងសំរាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ចលំដាប់អន្តរជាតិនាពេលខាងមុខ។

សករាជមាស

ផលចំណេញពីការវិនិយោគខ្ពស់ជាងគេក្នុងតំបន់ បានធ្វើឲ្យកម្ពុជាស្ថិតនៅក្រោមក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដោយផលចំណេញពីការវិនិយោគឬReturn of Investment នៅកម្ពុជា ស្ថិតក្នុងចន្លោះ៦ទៅ៧ភាគរយជាមធ្យមប្រចាំឆ្នាំ ជាហេតុធ្វើឲ្យកម្ពុជាក្លាយជាប្រទេសនាំមុខគេក្នុងតំបន់ ដែលទទួលបានទុនវិនិយោគដ៏ច្រើន និងមានភាពលេចធ្លោ ប៉ុន្តែនិន្នាការនេះដើរក្រោយទីក្រុងបាងកករយៈពេល៣០ឆ្នាំ។ នេះបើតាមការវិភាគរបស់អ្នកជំនាញអន្តរជាតិ។

រាជធានីភ្នំពេញ មានអគារខ្ពស់ៗកប់ពពក គិតពី៥ជាន់ដល់ជាង៥០ជាន់ចំនួនជាង១៦០០អគារ វត្តមានផ្សារទំនើបលំដាប់ជាតិ អន្តរជាតិ និងផ្សារតូចៗបានរាយប៉ាយគ្រប់ទីកន្លែងនៅក្នុងទីសង្កាត់ដ៏រសរវើកនានាក្នុងរាជធានីនេះ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។

ប៉ុន្តែការរីកចម្រើនយ៉ាងលឿននេះ ក៏បាននាំមកជាមួយនូវកត្តាប្រឈមជាច្រើនក្នុងវិស័យនេះផងដែរ។

ឱកាស

     ល្បឿននៃការរីកចម្រើននៃរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ បានក្លាយជារឿងមួយដូចយល់សប្តិអញ្ចឹង! បើសិនជាអ្នកមិនដែលបានមកកាន់ទីក្រុងទាំងពីរនេះ ត្រឹមរយៈពេលត្រឹម៥ឆ្នាំ។

មនុញ្ញផលនេះ កើតចេញពីកំនើនសេដ្ឋកិច្ច និងការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋ បន្ទាប់ពីកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ពីធនាគារពិភពលោក។

កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ បានធ្វើឲ្យអំណាចនៃការទិញកើនឡើង ដែលវាក៏ជាឈ្នួនដ៏សំខាន់មួយ ក្នុងការទាក់ទាញការវិនិយោគពីជនបរទេសនានា។

លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជាធ្លាប់បានមានប្រសាសន៍ថា អ្នកវិនិយោគបរទេស មុនពេលពួកគេទៅកាន់ប្រទេសណាមួយ ពួកគេតែងសិក្សាលើកត្តាជីវភាពប្រជាពលរដ្ឋរបស់ប្រទេសនោះ ជាមួយកត្តាសេដ្ឋកិច្ច និងស្ថេរភាពនយោបាយ។

លោកបន្តថា "ប្រសិនជាប្រទេសនោះក្រីក្រ ពួកគេមិនវិនិយោគទេ ព្រោះពួកគេគិតពីផលចំណេញពីការវិនិយោគជាមុន"។

បញ្ហាប្រឈម

     ការសាងសង់បុរីព្រោងព្រាត កំណើនកើនឡើងនូវវត្តមានអគារខ្ពស់ៗកប់ពពក ក៏បញ្ហាប្រឈមបានកើតមានព្រមគ្នាផងដែរ។

ជាក់ស្តែងការសាងសង់អគារ ដែលគ្មានស្តង់ដាសំណង់ច្បាស់លាស់ ការមិនគិតគូពីភាពបៃតង ខ្យល់អាកាស ពន្លឺថ្ងៃចេញចូល សហគមន៍មិនសូវរៀបរយ និងបញ្ហាសុវត្ថិភាពនៅតាមអគារនានា សុទ្ឋតែជាបញ្ហាប្រឈមដែលបាននិងកំពុងកើតមាន។

ការគ្មានក្រុមអ្នកព​ន្លត់អគ្គិភ័យ និងគ្មានការបណ្តុះបណ្តាលច្បាស់លាស់ មិនមានឧបករណ៍អន្តរាគមន៍ទាន់ពេលវេលា ដូចជា រថយន្តបាញ់ទឹកបានកំពស់ខ្ពស់ យន្តហោះសំរាប់បាញ់ពន្លត់អគ្គិភ័យ នៅតាមអគារខ្ពស់ៗ កំពុងក្លាយជាបញ្ហាប្រឈមដ៏គួរឲ្យបារម្ភមួយនាពេលអនាគត។

អ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប ដែលបានតាមដានការវិវត្តក្នុងវិស័យនេះបានលើកឡើងថា រដ្ឋាភិបាលគួរទិញយន្តហោះ សំរាប់គពន្លត់អគ្គិភ័យចំនួនពីរទៅបីគ្រឿង ដែលយន្តហោះនោះមានសមត្ថភាពបាញ់ទឹក និងជណ្តើរសង្រ្គោះនៅពេលមានអគ្គភ័យនៅអគារខ្ពស់ៗណាមួយ ដើម្បីបង្ការនិងត្រៀមការពារទុកជាមុន ព្រោះបច្ចុប្បន្នវត្តមានអគារកប់ពពកកាន់តែច្រើនបានសាងសង់ និងបញ្ចប់ការសាងសង់ ហេតុនេះឧបទ្ទវហេតុណាមួយកើតឡើង យើងមិនដឹងជាមុនទេ។

លោកបន្តថា "យើងគួរត្រៀមបង្ការទុកជាមុន ដើម្បីការពារហានិភ័យដល់ប្រជាពលរដ្ឋ"។

ជាមួយគ្នានេះ អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតា ដែលមានបទពិសោធន៍ និងសិក្សា​ច្រើនលើការគ្រប់គ្រង វាយតម្លៃ ការទិញលក់អចលនទ្រព្យកម្រិតអន្តរជាតិបានមានប្រសាសន៍ថា ការផ្គត់ផ្គង់ក្នុងផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ នៅក្នុងទីផ្សារមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែអ្វីដែលយើងត្រូវការគឺMaster Planសំរាប់រាជធានីភ្នំពេញ គួរតែមានភាពច្បាស់លាស់ និងMaster Planសំរាប់គំរោងនិមួយៗផងដែរ។ តាមពិតម្ចាស់គំរោងនិមួយៗបានរៀបចំMaster Planបានល្អ​ តែគាត់មិនធ្វើតាមនោះទេ គឺពួកគាត់មានភាពបត់បែនច្រើន ដើម្បីរកផលចំណេញ។

អ្នកស្រីបន្តថា "គុណភាពគំរោង គុណភាពនៃការរចនាមិនស្តង់ដា និងគំរូនៃការឌីសាញមានភាពស្រដៀងៗគ្នា ក៏ជាចំណុចត្រូវយកចិត្តទុកដាក់ ពិសេសការរចនាគំរោងដែលមានលក្ខណៈសំយោគរវាងវប្បធ៌មខ្មែរ និងបរទេស ហើយការរក្សាទុកលំហបៃតង សម្រាប់អ្នកប្រើប្រាស់ ក៏មិនគួរមើលរំលងផងដែរ"៕