ដោយៈ សុផារី
ព្រះសីហនុៈ ខេត្តព្រះសីហនុជាប៉ូលទី២ នៃសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានឧត្ដមភាពលេចធ្លោសម្រាប់ការអភិវឌ្ឍ ដោយសារកត្តាភូមិសាស្ត្រជាប់សមុទ្រ មានកំពង់ផែទឹកជ្រៅ មានអាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។
កត្តាអំណោយផលទាំងនោះ បានទាក់ទាញការមកដល់នូវទេសចរក្នុងស្រុក និងបរទេស ដែលជំរុញការអភិវឌ្ឍលើទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើន ក្នុងនោះក៏បានចំនួនសណ្ឋាគារផ្កាយប្រាំច្រើនផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលបានផ្តល់ជូនដោយលោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុកាលពីសប្តាហ៍មុនបានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២២នេះ សណ្ឋាគារក្រុងព្រះសីហនុ មានចំនួន៧៨អាជីវកម្ម ស្មើនឹង៦.៨៨២បន្ទប់ ក្នុងនោះអាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណចេញដោយក្រសួង និងមន្ទីរមានចំនួន៧៧អាជីវកម្ម។
ចំណែក ផ្ទះសំណាក់មានចំនួន៤១អាជីវកម្ម ស្មើនឹង៦១៣បន្ទប់ ក្នុងនោះអាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណចេញដោយក្រសួង និងមន្ទីរមានចំនួន៤១អាជីវកម្ម។
សណ្ឋាគារផ្កាយប្រាំដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានដូចជា ទី១ គឺសណ្ឋាគារសុខា ប៊ិចរីហ្សត របស់អ្នកឧកញ៉ា សុខ គង់ ទី២ សណ្ឋាគារស៊ីហ៊ូ អ៊ិនធើណេសិនណល ទី៣ សណ្ឋាគារឃ្វីនខូ វិចតូរី ប៊ិច និងទី៤ សណ្ឋាគារស៊ិចសេនស៊ីស ក្របី។ជាដើម។
អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ទូទាំងខេត្តព្រះសីហនុខាងលើនេះ បានបង្កើតការងារចំនួន៤.១០៩កន្លែង ក្នុងនោះបុគ្គលិកខ្មែរមានសរុប៣.៧4៩នាក់ និងបុគ្គលិកបរទេស២៨៨នាក់។
ចំនួនការផ្គត់ផ្គង់លើទីផ្សារសណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានមើលឃើញថា មានភាពស្របគ្នាទៅនឹងតម្រូវការនៃចំនួនលំហូរទេសចរ ដែលចូលមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ។
ជាក់ស្តែង តាមរយៈរបាយការណ៍ក្រសួងទេសចរណ៍ ទើបចេញផ្សាយនៅដើមសប្តាហ៍ទី៤ នៃខែមីនានេះ បានឱ្យដឹងថា ខេត្តព្រះសីហនុបានជាប់ចំណាត់ថ្នាក់លេខមួយ ជាខេត្តដែលទាក់ទាញទេសចរច្រើនបំផុតក្នុងកំឡុងថ្ងៃទី២៦ ដល់២៧ ខែមីនានេះ។
ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ក្នុងរយៈពេលពីរថ្ងៃនោះ មានចំនួន២០៦.១២១នាក់ ខេត្តព្រះសីហនុស្រូបយកភ្ញៀវទេសចរចំនួន៣១.៥៨៧នាក់ នាំមុខរាជធានីខេត្តផ្សេងទៀត ស្មើនឹងចំនួន១៥,៣២ភាគរយ។
ខេត្តព្រះសីហនុ បានក្លាយជាខេត្តដែលបានទទួលការយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍នានា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចឱ្យមានការសិក្សា និងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥៕
No comments:
Post a Comment