ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កូរ៉េជាប្រទេសដែលមានវិនិយោគិន បណ្ដាក់ទុននៅកកម្ពុជាច្រើនមួយ ដោយក្នុងនោះឃើញគម្រោងរបស់កូរ៉េជាច្រើន បានលេចរូបរាងឡើងនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី៣០ មីនា ២០២២នេះ។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ពីប្រទេសកូរ៉េចំនួន២១៩គម្រោង គិតជាទឹកប្រាក់វិនិយៅកមានចំនួនសរុបជាង៥ពាន់លានដុល្លារអាមេរិក។

ក្នុងជំនួបរវាងលោក Koo Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី២៩ មីនា ២០២២ លោកសុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កកម្ពុជា បានជម្រាបពីការចូលជាធរមាននៃច្បាប់វិនិយោគថ្មី របស់ព្រះរាជាណាចក្រកម្ពុជាកាលពីចុងឆ្នាំ២០២១កន្លងទៅ ស្របពេលដែលកម្ពុជាបានបើកដំណើរការសកម្មភាព សេដ្ឋកិច្ចពេញលេញឡើងវិញកាលពីថ្ងៃទី១ វិច្ឆិកា ២០២១ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជំងឺកូវីដ១៩។

លោកសង្ឃឹមថា ច្បាប់វិនិយោគថ្មីនេះនឹងចូលរួមទាក់ទាញ ការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យឌីជីថល ដែលសាធារណរដ្ឋកូរ៉េបានបោះជំហាននាំមុខគេ លើសកលលោក និងក្នុងវិស័យកែច្នៃចំណីអាហារដែលជាវិស័យមានសក្ដានុពលខ្ពស់នៅកម្ពុជា។

លោកបានបង្ហាញជំនឿថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េដែលបានចុះហត្ថលេខាកាលពីចុងខែតុលា ឆ្នាំ២០២១ នឹងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះ ដែលនឹងជួយត្រួសត្រាយផ្លូវ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ។

ជាមួយគ្នានេះ លោកKOO Yun Cheol ក៏បានឱ្យដឹងថា កិច្ចគាំទ្ររបស់កម្ពុជា គួបផ្សំជាមួយនឹងច្បាប់វិនិយោគថ្មី និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ នឹងជំរុញឱ្យមានការវិនិយោគពីកូរ៉េមកកម្ពុជាបន្ថែមផងដែរ៕