ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់ជាច្រើននៃខណ្ឌសែន សុខរាជធានីភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ លើការវិនិយោគផ្សារទំនើបធំៗ ហើយបច្ចុប្បន្ននេះផ្សារទំនើបធំៗជាច្រើន បានបង្ហាញខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់មួយផ្នែកនៃខណ្ឌសែនសុខ ក្លាយជាតំបន់លក់រាយទំនិញម៉ាកយីហោល្បីៗជាច្រើន ។

នៅថ្ងៃទី៣១ខែ មីនា ២០២២នេះផងដែរផ្សារទំនើប ក្នុងស្រុកធំមួយបានបើកសម្ពោធដំណើរការជាផ្លូវការ នៅក្នុងតំបន់នៃខណ្ឌសែនសុខរាជធានីភ្នំពេញ គឺផ្សារទំនើបជីបម៉ុង នៅតាមបណ្ដោយផ្លូវម៉ុងឬទ្ធី និងជាទីតាំងដែលពោរពេញទៅដោយសក្ដានុពលលើផ្សារទំនើប ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានមើលឃើញថា តំបន់ខណ្ឌសែនសុខ បានក្លាយជាតំបន់ដែលប្រមូលផ្ដុំ ដោយហាងលក់ទំនិញដ៏ពេញនិយម ហើយតំបន់នេះដែរក៏ឃើញ មានផ្សារទំនើបល្បីៗជាច្រើនរួមមានផ្សារទំនើបអ៊ីអនរបស់ជប៉ុន ផ្សារទំនើបម៉ាក្រូរបស់ប្រទេសថៃ ផ្សារទំនើបGlobal House ផ្សារទំនើបជីបម៉ុងជាផ្សារទំនើបក្នុងស្រុក និងផ្សារទំនើបតូចៗជាច្រើន រួមជាមួយផ្សារបោះដុំមួយចំនួនផងដែរ ។

លោកឧកញ៉ាបណ្ឌិតគីមហ៊ាង ប្រធានក្រុហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានឱ្យដឹងផងដែរថា ខណ្ឌសែនសុខប៉ែកខាងជើងឈៀងខាងលិច មានការអភិវឌ្ឍខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ពីមុនតម្លៃដីធ្លី នៅក្នុងតំបន់ខណ្ឌសែនសុខ ក្នុងកម្រិតមួយទាបសមរម្យប៉ុន្តែបច្ចុប្បន្ននេះ តំបន់នៃខណ្ឌសែនសុខបានហក់ឡើង និងសម្រាប់អភិវឌ្ឍន៍ជាលំនៅឋានតម្លៃខ្ពស់ និងផ្សារទំនើបៗ ។

តាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យមួយ ក៏បានបង្ហាញផងដែរថា តំបន់សែនសុខជាតំបន់ ដែលមានការឆ្លងកាត់ពីមនុស្សជាច្រើន នៅក្នុងរាជធានិភ្នំពេញ រហូតដល់៧០ម៉ឺននាក់ក្នុងមួយថ្ងៃ  ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យតំបន់សែនសុខ បានក្លាយជាតំបន់ដែលមានសក្ដានុពលនិងកន្លែងលក់រាយទំនិញ ដ៏ពេញនិយមមួយនៅក្នុងរាជធានីភ្នំពេញ ។

តំបន់ខណ្ឌសែនសុខ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរហើយតំបន់នេះ ក៏មានផ្ទៃដីទូលាយសម្រាប់ការអភិវឌ្ឍបន្ថែម ហើយវិនិយោគិនក៏អាចវិនិយោគតំបន់បន្ថែមទៀតផងដែរ៕