ដោយ៖ សុផារី

ភ្នំពេញ៖ ដោយសារតែស្ថានភាពទីក្រុងភ្នំពេញមានការប្រែប្រួលខ្លាំង ជាពិសេសអគារពាណិជ្ជកម្មធំៗ បណ្តុំសកម្មភាពសេដ្ឋកិច្ច មានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឱ្យពលរដ្ឋបែងចែកផ្ទះស្នាក់នៅជា២ផ្សេងគ្នា មួយសម្រាប់ធ្វើការ និងមួយទៀតសម្រាប់លំហែកាយពេលឈប់សម្រាក។

អ្នកជំនាញមើលឃើញប្រជាពលរដ្ឋខ្មែរភាគច្រើន ជាពិសេសអ្នកមានលំនៅឋានរួចហើយនៅទីក្រុងភ្នំពេញ នឹងងាកមករស់នៅលំនៅឋានបែបធម្មជាតិបន្ថែមទៀត។ យ៉ាងណាក្តី ដើម្បីធ្វើដំណើរទៅកាន់ទីតាំងទាំងនោះ រយៈចម្ងាយនិងពេលវេលានៃការធ្វើដំណើរអាចជាកត្តាដែលពិចារណា និងមានឥទ្ធិពលដល់ការសម្រេចចិត្តសកម្មភាពវិនិយោគផ្ទះលំហែពិតឬទេ?

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estate និងជាម្ចាស់អាជីវកម្មដីឡូតិ៍លំហែបូកគោលែននៅក្នុងខេត្តកំពត មានប្រសាសន៍នៅក្នុងថ្ងៃទី៣០ ខែមីនា ថា សម្រាប់ទីផ្សារដីឡូត៍និងផ្ទះលំហែ បណ្តាខេត្តជាប់សមុទ្រនិងបណ្តាខេត្តជាប់ភ្នំ ជាតំបន់ដែលមានសក្តានុពល។ ប៉ុន្តែខេត្តនៅឆ្ងាយពេកក៏មិនសូវមានសក្តានុពលដែរ។

លោក Cooler Tan បន្តថា ខេត្តដែលល្អជាងគេ គឺខេត្តជាប់សមុទ្រនិងមានចម្ងាយជិតក្រុងភ្នំពេញ ក្នុងនោះមានខេត្តកំពតនិងខេត្តកែប។

យ៉ាងណាក្តី លោកក៏មើលឃើញថា អ្នកអភិវឌ្ឍន៍ខ្លះបង្វែរទិសដៅ ឱ្យស្របតាមតម្រូវការរបស់អតិថិជនរបស់គាត់ ព្រោះអ្នកខ្លះមានតម្រូវការមធ្យមចុះក្រោម ថោកៗ ជាដើម ដោយសារដីធ្លីនៅក្នុងបណ្ដាខេត្តសក្តានុពលខ្ពស់មានតម្លៃខ្ពស់ខ្លាំង ដែលបណ្តាលឱ្យអ្នកអភិវឌ្ឍន៍បង្វែរទិសដៅអភិវឌ្ឍន៍របស់ខ្លួនទៅកាន់បណ្តាខេត្តផ្សេងៗ ដូចជា ខេត្តជាប់តំបន់ភ្នំ មានទេសភាពស្អាតដូចគ្នា។


លោកឧកញ៉ា តេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានប្រាប់គេហទំព័រ propertyarea.asia តាមប្រព័ន្ធទូរស័ព្ទថា កាលណាចម្ងាយឆ្ងាយ ភ្ញៀវទេសចរនិងអ្នកវិនិយោគទុនពិចារណាមើលទីតាំងជិតនិងមានសក្តានុពលមុនហើយ។

ជាក់ស្តែង លោកឧកញ៉ាបន្តថា បើប្រៀបធៀបនឹងខេត្តផ្សេងៗទៀត ខេត្តកំពតជាទីតាំងមួយដែលខ្លាំង ដោយសារតែរយៈចម្ងាយជិតក្រុងភ្នំពេញនិងអំណោយផលនិងភាពងាយស្រួលពីផ្លូវថ្នល់ស្អាត សុវត្ថិភាពក្នុងការធ្វើដំណើរទៅមក ទាំងយប់និងថ្ងៃ។

លោកឧកញ៉ាបានអះអាងថា "ចំណែកខេត្តមួយចំនួនទៀត ដែលមានរយៈចម្ងាយឆ្ងាយពីក្រុងភ្នំពេញ ដូចជាខេត្តមណ្ឌលគិរី ពិតមែនតែជាខេត្តមួយដែលមានបរិយាកាស អាកាសធាតុល្អ តែចម្ងាយផ្លូវឆ្ងាយ អាចទាក់ទងបានការវិនិយោគតិចជាង"៕