ដោយៈសូរិយា

ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែមេសានេះ បានថ្លែងថា ការប្រើប្រាស់សមិទ្ធផលនានា ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកធានានិរន្តភាពនៃការអភិវឌ្ឍ និងឯករាជ្យម្ចាស់ការរបស់ប្រទេសយើង ដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។

លោកបណ្ឌិតថា ឯករាជ្យម្ចាស់ការក្នុងន័យនេះ សំដៅដល់សមត្ថភាពរបស់កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពល និងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។

ទន្ទឺមគ្នានេះ ការទទួលបានឱកាសនៃការអប់រំស្មើគ្នា សម្រាប់បុរស- ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍ រីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា "ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹង គឺជាកិច្ចការសំខាន់មួយនៅក្នុងការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ឱ្យដល់ក្មួយៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ ជាពិសេសក្នុងបរិការណ៍ នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន"។លោកបន្តថា "ទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធើណេតជាដើម"។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងក៏បានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរសំដៅ បង្កើនការប្រកួតប្រជែងនៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់ សម្រាប់ទីផ្សារការងារដ៏សម្បូរបែប ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្សជំនាញបច្ចេកទេស៕