ដោយ សុខុម
ឆេក: មើលទៅមុខឃើញឆ្ងាយសន្លឹមចន្លោះពីភ្នំមួយទៅភ្នំមួយ ហើយបើសម្លឹងចុះទៅក្រោមគឺឃើញតែបាតទ្រលងភ្នំដ៏សែនខ្ពស់គួរឱ្យព្រឺព្រួច តើអ្នកមានសេចក្ដីអង់អាចគ្រប់គ្រាន់ហ៊ានដើរឆ្លងស្ពានយោលដែលខ្ពស់បំផុតរបស់ពិភពលោកមួយនេះដែរឬទេ?
សម្រាប់អ្នកក្លាហានប្រហែលជាគ្មានបញ្ហាឡើយចំពោះការដើរឆ្លងស្ពានយោល ដែលមានឈ្មោះថា Sky Bridge 721 នៅរមណីយដ្ឋានលម្ហែកាយ Dolní Morava ក្នុងសាធារណរដ្ឋឆេក នេះ ប៉ុន្តែសម្រាប់អ្នកខ្លាចទីខ្ពស់ ឬអ្នកខ្សោយបេះដូងធានាថានឹងទន់ជង្គង់ រាកនោមទៅមុខលែងរួចជាមិនខាន បន្ទាប់ពីដើរឆ្លងស្ពាននេះបានប៉ុន្មានជំហាន ព្រោះវាល្ហល្ហេវពេក និងខ្ពស់ខ្លាំងពេក។
ស្ថិតក្រោមដំណើរការសាងសង់រយៈពេល២ឆ្នាំមកនេះ ស្ពានយោលដែលមានប្រវែងរហូតដល់ទៅ៧២១ម៉ែត្រ និងទទឹង១,២ម៉ែត្រនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា។
ស្ពានយោលខ្សែកាបនេះនេះមានកម្ពស់ពីបាតជ្រលងភ្នំ៩៥ម៉ែត្រ និងមានកម្ពស់ចន្លោះពីជាង១.១១០ម៉ែត្រទៅ១.១១៦ម៉ែត្រពីលើកម្រិតទឹកសមុទ្រ។ ស្ពានយោលនេះគឺជាស្ពានយោលថ្មើរជើង ដូចនេះគឺសម្រាប់តែដើរប៉ុណ្ណោះ។
បច្ចុប្បន្នទេសចរដែលចង់ទៅដើរឆ្លងស្ពានយោលនេះ ត្រូវធ្វើការកក់សំបុត្រជាមុនលើគេហទំព័ររបស់រមណីយដ្ឋានលម្ហែកាយ Dolní Morava ដោយថ្លៃសំបុត្រសម្រាប់មនុស្សធំចាប់ពី១៤,៦០ដុល្លារ ឡើងទៅ។
យោងតាមសារព័ត៌មាន CNN ឱ្យដឹងថា ស្ពានយោល Sky Bridge 721 ដែលស្ថិតនៅក្នុងសាធារណរដ្ឋឆេក នេះខ្ពស់ជាង១៥៤ម៉ែត្របើធៀបនឹងស្ពានយោលថ្មើរជើង Baglung Parbat Footbridge នៅក្នុងខេត្ត Gandaki ប្រទេសនេប៉ាល់ ដែលជាអ្នកគ្រងកំណត់ត្រាឯតទគ្គកម្មពិភពលោក Guinness World Record៕ CNN៕
No comments:
Post a Comment