ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ បណ្តាខេត្តមួយចំនួនបាន និងកំពពុងស្ថិតក្នុងគោលដៅវវិនិយោគរយៈពេលវែង លើវិស័យអចលនទ្រព្យ និងសកម្មភាពសេដ្ឋកិច្ចដទៃទៀត ស្របពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មីៗ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋជាបន្តបន្ទាប់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យរយៈពេលវែង មានដូចជា ខេត្តព្រះសីហនុ បាត់ដំបង កំពត កែប និងមណ្ឌលគិរី ដែលបច្ចុប្បន្នអ្នកវិនិយោគជាច្រើនបាន និងកំពុងឆ្ពោះទៅកាន់គោលដៅទាំងនោះ។
លោកបន្តថា "សំរាប់សកម្មភាពទិញលក់ដីធ្លី នៅតែមានភាពសកម្មនៅតាមខេត្តទាំងនោះ បើទោះជាក្នុងបរិបទកូវីដ១៩ក្តី ប៉ុន្តែអ្នកវិនិយោគនៅតែបន្តវិនិយោគ ដើម្បីរកផលចំណេញ ពិសេសលើអចលនទ្រព្យមានតម្លៃក្រោមទីផ្សារ"។លោកបន្តថា "ចរនត្នៃការវិនិយោគនៅកម្ពុជា នៅតែបន្តមានការវិនិយោគទាំងក្នុងក្រុង និងតំបន់ជាយក្រុង"។
លោកច្រឹក សុខនីមបានបន្តថា ការបើកប្រទេសឡើងវិញនាពេលឆាប់ៗនេះ វិស័យឯកជនមានភាពរីករាយ និងស្វាគមន៍យន្តការថ្មីរបស់រាជរដ្ឋាភិបាល ប៉ុន្តែទោះជាយ៉ាងណាកិច្ចការទាំងអស់នេះ គឺចាប់ផ្តើមពីអ្នកក្នុងស្រុកសិន ហើយសម្រាប់អ្នកវិនិយោគបរទេស ពួកគេនឹងអាចមកវិញ នៅពេលស្ថានភាពការចាក់វ៉ាក់សាំងនៅតាមប្រទេសទាំងនោះមានភាពល្អប្រសើរ។
ជាមួយគ្នានេះ លោកយិន លាងគង់ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ការរីកចម្រើន និងការវិនិយោគអចលនទ្រព្យនៅកម្ពុជា អាស្រ័យលើ់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដែលបាននិងកំពុងជម្រុញដើម្បីសម្រេចបានកំនើនសេដ្ឋកិច្ចជាតិ និងសមាហរណកម្មផ្ទៃក្នុងរបស់ខ្លួនផង និងសម្រាប់សមាហរណកម្មជាមួយបណ្តាប្រទេសក្នុងតំបន់ផង។
លោកបន្តថា "ការរីកចម្រើនលើវិស័យអចលនទ្រព្យ តែងតែដើរពីក្រោយនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចសង្គម ហេតុនេះការវិភាគថវិកាកាន់តែច្រើនរបស់រដ្ឋាភិបាល លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋនានា នឹងជាកូនសោគន្លឹះជម្រុញវិស័យនេះឲ្យមានការរីកចម្រើនរយៈពេលវែង"។ លោកបន្តថា "បណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច ឬជាប៉ូលសេដ្ឋកិច្ចជាតិ នឹងក្លាយជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការរក្សាបានកំនើនវិនិយោគ"។
លោកយិន លាងគង់បានបន្តថា ការរីកចម្រើននៃជីវភាពប្រជាពលរដ្ឋ កំនើនប្រជាពលរដ្ឋ ការវិនិយោគពីវិស័យឯកជន គឺជាកំលាំងចលករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការធ្វើយ៉ាងណាឲ្យវិស័យនេះមានភាពរីកចម្រើនរយៈពេលវែង និងប្រកបដោយចីរភាព៕
No comments:
Post a Comment