ដោយៈ សុផារី
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានផ្តល់នូវអនុសាសន៍៥ចំណុច ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប រៀបចំដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានការចូលរួមពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក.។

ដើម្បីធានាការគ្រប់គ្រងការអភិវឌ្ឍ និងការអភិរក្សតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយចីរភាពនិងបរិយាបន្ន រដ្ឋបាលខេត្ត ព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកលេងកម្សាន្ត លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់អនុសាសន៍ការងារគោលដៅ៥ចំណុច រួមមាន ទី១ ការពារ និងថែរក្សាឆ្នេរសមុទ្រ ដីចំណីឆ្នេរសមុទ្រ និងអភិវឌ្ឍផ្លូវសាធារណៈ និងបណ្តាញបៃតងតាមបណ្ដោយឆ្នេរ ដើម្បីជាលំហសាធារណៈប្រកបដោយសុខដុមរមនា និងទាក់ទាញទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ តាមរយៈការរៀបចំផែនការប្រើប្រាស់ដី និងប្លង់លម្អិតនគរូបនីយកម្ម។
ទី២ ការពារ និងថែរក្សាដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមរយៈការរៀបចំផែនការប្រើប្រាស់ និងប្លង់លម្អិតនគរូបនីយកម្ម ដើម្បីគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍប្រកប ដោយចីរភាព និងសុខដុមរមនា។

ទី៣ ធានាការគ្រប់គ្រង ថែរក្សាការពារស្រែអំបិល ដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងប្រភព នៃសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា តាមរយៈការគ្រប់គ្រងការអភិវឌ្ឍដី ស្របតាមបទប្បញ្ញត្តិនគរូបនីយកម្ម និងប្រើប្រាស់ដីជាធរមាន។
ទី៤ ការពារ និងថែរក្សាភ្នំ ព្រៃឈើ និងទេសភាពធម្មជាតិ នៃតំបន់ឆ្នេរសមុទ្រដែលជាមរតកប្រវត្តិសាស្ត្រធម្មជាតិ និងបរិស្ថាន សម្រាប់គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ ប្រកបដោយចីរភាព និងសុខដុមរមនានៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការលើកវិធានការ ផែនការគ្រប់គ្រង និងតាមដានការអភិវឌ្ឍ ការអភិរក្សជាក់លាក់ និងជាប្រចាំ។

ទី៥ លើកកម្ពស់ការគ្រប់គ្រងការអភិវឌ្ឍ និងការអភិរក្សកោះនិងប្រជុំកោះ ដោយធានាបាននូវធនធានធម្មជាតិ ទេសភាព និងជីវៈចម្រុះនៅលើកោះ និងជុំវិញកោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយមានផែនការត្រួតពិនិត្យច្បាស់លាស់៕
No comments:
Post a Comment