ដោយៈ សុធារី
ភ្នំពេញៈ គិតត្រឹមពាក់កណ្តាល ខែមករា ឆ្នាំ២០២២នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន សម្រេចបានជិត៧០ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា នៅបំណាច់ឆ្នាំ២០២២នេះ។
លោកហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត៣០០លានដុល្លារអាមេរិក ក្នុងនោះ២៧០លានដុល្លារអាមេរិក គឺជាហិរញ្ញប្បទានពីប្រទេសចិន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យាសាងសង់ជាមួយនឹងក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ ដែលមានការត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិន។
ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ទោះជាយ៉ាងណា ការសាងសង់ផ្កួវក្រវ៉ាត់ក្រុងទី៣ ត្រូវពន្យាពេលមួយឆ្នាំ ដែលបានធ្វើឲ្យគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ កាន់តែប្រឈមភាពមិនច្បាស់លាស់។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុលបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ មួយកំណាត់ទៀត នឹងត្រូវសាងសង់ស្ពានថ្មីពីរទៀត គឺស្ពានតភ្ជាប់ពីក្តីតាកុយ ទៅតំបន់អរិយក្សត្រ និងស្ពានមួយទៀតតភ្ជាប់ពីកោះដាច់ មកកាន់មហាវិថីឈ្នះ ឈ្នះ។
លោកបន្តថា "ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ មិនទាន់អាចដំណើរការបាននៅឡើយទេ នៅពេលផ្លូវក្រវ៉ាត់ក្រុងទី៣ មិនទាន់សាងសង់បានមួយជុំនៅឡើយ"។
លោកទេសរដ្ឋមន្រ្តី មិនទាន់បានបញ្ជាក់ថា ពេលណាការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤នឹងចាប់ផ្តើមសាងសង់ឡើយ៕
No comments:
Post a Comment