ដោយៈសុខុម
អន្តរជាតិ: ទីក្រុងញូវយ៉ក (NYC) ដែលមានផ្ទៃដីប្រមាណ៧៧៨,២គីឡូម៉ែត្រការ៉េ គឺជាទីក្រុង ដែលមានប្រជាជនរស់នៅច្រើនបំផុតរហូតដល់ទៅជាង៨,៨លាននាក់គិតត្រឹមឆ្នាំ២០២០ ហើយក៏ជាទីក្រុងដែលចង្អៀតបំផុតផងដែរនៅសហរដ្ឋអាមេរិក។ នេះបើយោងទិន្នន័យបង្ហាញលើគេហទំព័រ Wikipedia។
ទីក្រុងញូវយ៉ក ត្រូវបានគេចាត់ទុកថាជារដ្ឋធានីវប្បធម៌ ហិរញ្ញវត្ថុ និងប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោក ហើយវាមានឥទ្ធិពលយ៉ាងខ្លាំងលើផ្នែកពាណិជ្ជកម្ម វិស័យកម្សាន្ត ការស្រាវជ្រាវ បច្ចេកវិទ្យា ការអប់រំ នយោបាយ ទេសចរណ៍ សិល្បៈ និងកីឡា ។ល។
លើសពីនេះ វាក៏ជាកន្លែងបោះទីតាំងការិយាល័យ កណ្ដាលរបស់អង្គការសហប្រជាជាតិ (UN) ផងដែរ។ និយាយជារួម វាជាមជ្ឈមណ្ឌលដ៏មានសារៈសំខាន់ សម្រាប់ការទូតអន្តរជាតិ ហើយពេលខ្លះថែមទាំងត្រូវបានគេហៅថាជារដ្ឋធានីនៃពិភពលោកទៀតផង។
បើវាពិតជាសំខាន់ខ្លាំងយ៉ាងនេះ ហេតុអ្វីសហរដ្ឋអាមេរិក មិនយកក្រុងញូវយ៉ក ធ្វើជាទីតាំងរដ្ឋបាលរបស់ខ្លួន ហើយបែរទៅយកក្រុងវ៉ាស៊ីនតុន ឌីស៊ី ទៅវិញ?។
យោងតាមការបកស្រាយរបស់អ្នកជំនាញ ដែលចុះផ្សាយលើគេហទំព័រ Quora បានឱ្យដឹងថា មុនពេលវ៉ាស៊ីនតោន ឌីស៊ី (Washington, DC) ក្លាយជារដ្ឋធានី ឬទីតាំងរដ្ឋបាលរបស់សហរដ្ឋអាមេរិក មកទល់សព្វថ្ងៃ គឺមានទីក្រុង២ទៀតធ្លាប់ជារដ្ឋធានី ឬទីតាំងរដ្ឋបាលរបស់ប្រទេសមហាអំណាចលេខ១ មួយនេះ ដែលអ្នកមិនបានដឹង នោះគឺក្រុងញូវយ៉ក និងក្រុងហ្វីឡាដេលហ្វៀ (Philadelphia)។
*ប្រត្តិត្រួសៗនៃការបង្កើត និងការប្ដូររដ្ឋធានី
នៅពេលលោក ចច វ៉ាស៊ីនតុន (George Washington) បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងឆ្នាំ១៧៨៩ រដ្ឋធានីនៃសហរដ្ឋអាមេរិក គឺក្រុងញូវយ៉ក។ នៅឆ្នាំ១៧៩២ ជាពេលលោកជាប់ឆ្នោតអាណត្តិទី២ រដ្ឋធានី ត្រូវបានប្ដូរទៅកាន់ក្រុង Philadelphia។ ទីក្រុង Philadelphia បានក្លាយជារដ្ឋធានីអស់រយៈពេល១០ឆ្នាំ។
*តើក្រុងវ៉ាស៊ីនតោន ឌីស៊ី ក្លាយជារដ្ឋធានីដោយរបៀបណា ហើយនៅពេលណា?
យោងតាមច្បាប់ Residence Act ឆ្នាំ១៧៩០ ដែលជាច្បាប់ស្ដីពីការបង្កើតអាសនៈបណ្ដោះអាសន្ន និងអចិន្ត្រៃយ៍នៃរដ្ឋាភិបាលអាមេរិក ប្រធានាធិបតី ចច វ៉ាស៊ីនតុន បានចេញក្រឹត្យមួយប្រកាស កំណត់ព្រំដែននៃរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៧៩១។
ទោះជានៅលើផែនទី ទីក្រុងនេះ មានរាងដូចគ្រាប់ពេជ្រយ៉ាងណាក្ដី ក៏រដ្ឋធានីនេះ ត្រូវធ្វើយ៉ាងណាឱ្យចេញរាងការ៉េ ដោយមានប្រវែង១៦គីឡូម៉ែត្រនៅគ្រប់ជ្រុងទាំងអស់។ ដំណើរការកសាងរដ្ឋធានីថ្មីនេះ បានចំណាយពេល១០ឆ្នាំ ហើយជាបណ្ដោះអាសន្នរដ្ឋាភិបាល បានធ្វើការពីទីក្រុង Philadelphia រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨០០ ទើបពួកគេផ្លាស់ទៅកាន់វ៉ាស៊ីនតោន ឌីស៊ី។
សូម្បីតែលោក John Adams ដែលជាប្រធានាធិបតីទី២ របស់សហរដ្ឋអាមេរិក ក៏បានចាកចេញពីទីក្រុង Philadelphia ដែរ នៅខែមេសា ឆ្នាំ១៨០០ ហើយបានរើចូលទៅស្នាក់នៅក្នុងសេតវិមាន នៅខែវិច្ឆិកា ក្នុងឆ្នាំដដែល៕ Quora៕
No comments:
Post a Comment