ដោយៈ សហការី
ភ្នំពេញៈ ជាលើកដំបូង មាតិកាព័ត៌មានរបស់គេហទំព័រ Cambodia Financial Times ដែលជាគេហទំព័រព័ត៌មានហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឈានមុខនៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្សព្វផ្សាយដល់អ្នកអាន និងសាធារណៈជនជាង២លាននាក់នៅទូទាំងប្រទេសកម្ពុជា និងពិភពលោក។
គិតត្រឹមបច្ចុប្បន្ន គេហទំព័រ Cambodia Financial Times មានវត្តមានរយៈពេល២ឆ្នាំ ដោយមានចំនួនតាមដានរហូត ដល់ជិត៨ម៉ឺននាក់ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ទាំងជាតិ និងអន្តរជាតិ ដែលមានគុណភាព ប្រកបដោយគុណតម្លៃ និងប្រយោជន៍ ជូនជារៀងរាល់ថ្ងៃចន្ទ ដល់សៅរ៍ តាមរយៈគេហទំព័រ ផេចហ្វេសប៊ុកផ្លូវការ តេឡេក្រាម និងយូធូប។
សមិទ្ធផលជាទីមោទកៈនេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើមិនមានការគាំទ្រពីសំណាក់អស់លោក លោកស្រី ដែលជាអ្នកអាន និងទស្សនិកជន។ យើងខ្ញុំជាស្ថាបនិក ថ្នាក់ដឹកនាំ និងក្រុមការងាររបស់គេហទំព័រសារព័ត៌មានអនឡាញ Cambodia Financial Times សូមថ្លែងអំណរគុណ ដល់លោក លោកស្រី ដែលតែងតែគាំទ្រការផ្សព្វផ្សាយ និងមាតិការបស់ក្រុមការងាររបស់យើងខ្ញុំកន្លងមក និងជាបន្តបន្ទាប់។
វិស័យសារគមនាគម ជាពិសេសព័ត៌មានសេដ្ឋកិច្ច បានជួយលើកស្ទួយចំណេះដឹងប្រជាពលរដ្ឋ ការអភិវឌ្ឍសង្គម តាមរយៈការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍សេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងគោលបំណង ផ្តល់ជូននូវព័ត៌មានទាន់ហេតុការណ៍ សុក្រឹត និងជាប្រយោជន៍ដល់អ្នកអាន និងទស្សនិកជន។
យើងខ្ញុំជឿជាក់ថា កំណើនសេដ្ឋកិច្ចជាកត្តាចម្បងមួយ ដែលអ្នកវិនិយោគិន និងប្រជាពលរដ្ឋមួយចំនួន បានចាប់អារម្មណ៍ពីព័ត៌មានសេដ្ឋកិច្ច ដែលពួកគាត់ចង់ដឹង អំពីការប្រែប្រួលសេដ្ឋកិច្ចរបស់ជាតិ និងសេដ្ឋកិច្ចអន្តរជាតិ។ បច្ចុប្បន្ន កម្ពុជាត្រូវការអ្នករាយការណ៍ព៌តមាន ខាងសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់រាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ច ដោយជាក់លាក់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង។
Cambodia Financial Times រំពឹងសម្រេចបាន និងចូលរួមចំណែកជាផ្នែកមួយ នៃការសម្រេចមហិច្ឆិតាមួយនេះ ដើម្បីប្រទេសកម្ពុជាទាំងមូល៕
No comments:
Post a Comment