ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់បានប្រើប្រាស់ដីធ្លីបានអស់សក្ដានុពលនៅឡើយទេ ជាពិសេសនៅក្នុងវិស័យកសិកម្ម និងតម្រូវឱ្យមានការកែច្នៃផលិតផលកសិកម្មកាន់តែច្រើន ដើម្បីឱ្យមានតម្រូវការដាំដុះដំណាំ និងការកែច្នៃនៅនឹងកន្លែង។
ការកែច្នៃផលិតផលកសិកម្មបានកាន់តែច្រើន នឹងធ្វើឱ្យមានតម្រូវការផលិតផលកសិកម្មទាំងនោះ។ នៅពេលមានតម្រូវការ ក៏នឹងធ្វើឱ្យមានតម្រូវការដីធ្លីសម្រាប់ដាំដុះផងដែរ។
លោក ម៉ៅ សាវ៉ាត នាយកប្រតិបត្តិនៃក្រុមហ៊ុន Z FOOD SMEs Zone Co.,Ltd បានមានប្រសាសន៍ ការច្នៃផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជា មិនទាន់មានភាពទូលំទូលាយនៅឡើយទេ។ បើសិនជាមានការកែច្នៃផលិតផលកសិកម្មកាន់តែច្រើន នឹងជំរុញឱ្យតម្រូវការផលិតផលកសិកម្មទាំងនោះកើនឡើង ដើម្បីយកមកកែច្នៃ។ នៅពេលផលិតផលកសិកម្មកាន់តែមានតម្រូវការច្រើន នឹងធ្វើឱ្យមានការដាំដុះកាន់តែច្រើន នឹងជំរុញដីដាំដុះកសិកម្មក៏កាន់តែច្រើនដូចគ្នាផងដែរ។
លោកបន្តថា ដើម្បីជំរុញការប្រើប្រាស់ដីធ្លីលើវិស័យកសិកម្មឱ្យមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ ក្រុមហ៊ុនរបស់យើងបានរៀបចំដី សម្រាប់ផ្ដល់ជូនពលរដ្ឋ ដែលមិនមានដីកសិកម្ម សម្រាប់ដាំដុះដើម្បីប្រមូលផលកសិកម្មយកទៅកែច្នៃនិងនាំចេញ ដូច្នេះបើសិនជាយើងកែច្នៃបានកាន់តែច្រើន ពលរដ្ឋនឹងមានឱកាសក្នុងការបង្កបង្កើនផលកាន់តែច្រើន និងនាំមកនូវប្រាក់ចំណូលដល់ពួកគាត់ សម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។
លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាស៍ផងដែរ បច្ចុប្បន្ននេះ ដីធ្លីសម្រាប់កសិកម្មនៅក្នុងប្រទេសកម្ពុជានៅមានច្រើនណាស់ តែមិនទាន់មានការកែច្នៃ ដោយសារតែមួយចំនួនធំផ្ដោតលើតែការអភិវឌ្ឍដីធ្លី នៅទីក្រុង ឬទីប្រជុំជន អញ្ចឹងហើយទើបដីកសិកម្មនៅទំនេរច្រើន។
លោកបន្តថា ការអភិវឌ្ឍដីធ្លីនៅមូលដ្ឋានកាន់តែច្រើន នឹងនាំឱ្យតំបន់ទីក្រុង និងតំបន់ទីជនបទមានសមភាពនឹងគ្នា ដូច្នេះលោកចង់ឱ្យពលរដ្ឋយល់ដឹង និងងាកទៅប្រើប្រាស់ដីធ្លីកាន់តែច្រើន ហើយក៏ជំរុញឱ្យមានការអភិវឌ្ឍន៍ដីធ្លី នៅតំបន់ជនបទកាន់តែច្រើន ដោយបណ្ដុះបណ្ដាលពលរដ្ឋឱ្យយល់ដឹងពីវិស័យអចលនវត្ថុ និងការប្រើប្រាស់ជាប្រយោជន៍ កាន់តែទូលំទូលាយ៕
No comments:
Post a Comment