ដោយ៖ សុផារី
ភ្នំពេញ៖ គម្រោងសិក្សាការដឹកជញ្ជូនផ្លូវទឹកទន្លេបាសាក់ ពីភ្នំពេញឆ្ពោះត្រង់ទៅកាន់សមុទ្រកម្ពុជា នៅក្នុងខេត្តកែប ត្រូវបានដាក់បញ្ចូលក្នុងផែនការប្រាំឆ្នាំរំកិល ហើយបានដាក់សំណើរសុំការគាំទ្រថវិកាពីភាគីប្រទេសចិន។ មន្ត្រី និងអ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ និងលេចរូបរាងឡើងពិតប្រាកដមែន នោះនឹងផ្តល់ជាប្រយោជន៍យ៉ាងច្រើន។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធតេឡេក្រាមថា ប្រសិនបើគម្រោងមួយនេះអាចលេចរូបរាងពិតមែននោះ វានឹងជួយសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញដោយផ្ទាល់ ពីភ្នំពេញទៅកាន់តំបន់សមុទ្រ និងពីតំបន់សមុទ្រមកកាន់ភ្នំពេញតាមផ្លូវទឹក ដែលនឹងផ្តល់ផលចំណេញលើបរិមាណទំនិញដែលដឹកជញ្ជូន។ ការដឹកជញ្ជូនតាមផ្លូវទឹកនឹងជួយកាត់បន្ថយការសឹករិចរិលនៃផ្លូវថ្នល់ ដែលអាចជួយកាត់បន្ថយការចំណាយលើការជួសជុលផ្លូវថ្នល់។
លោកបណ្ឌិតបញ្ជាក់ថា "ពាណិជ្ជកម្មអន្តរជាតិមួយចំនួនអាចដឹកជញ្ជូនតាមផ្លូវទឹក ឆ្ពោះមកកាន់ទីក្រុងភ្នំពេញដោយត្រង់ ដោយមិនចាំបាច់ប្រើប្រាស់ផ្លូវគោកនោះទេ។ ដូច្នេះ វាជួយសម្រួលពាណិជ្ជកម្មមួយផ្នែក និងចំណេញការខូចខាតតាមរយៈការដឹកជញ្ជូនតាមផ្លូវគោក ដែលបានធ្វើឱ្យខូចខាត និងប៉ះពាល់ដោយរថយន្តធំៗ។ ប្រសិនបើយើងធ្វើតុល្យការផលចំណេញនេះ ក្នុងរយៈពេល១០ឆ្នាំ ២០ឆ្នាំ គឺវាមានផលចំណេញច្រើនណាស់"។
បើតាមប្រសាសន៍របស់លោកបណ្ឌិត គម្រោងនេះក៏ជួយសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះចរាចរណ៍បានច្រើននៅតាមផ្លូវគោក ព្រមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ថែមទាំងសម្រួលនិងបន្ថែមផ្លូវនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋតាមផ្លូវទឹកផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ បានបន្តថា គម្រោងនេះបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ ក្នុងការដាំដំណាំវិលជុំច្រើនប្រភេទ និងអាចផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ តាមរយៈការធ្វើដំណើរទេសចរណ៍ និងការបង្កើតកញ្ចប់ទេសចរណ៍តាមផ្លូវទឹកសម្រាប់ប្រជាជនកម្ពុជា និងជនជាតិបរទេសបានផងដែរ។
បន្ថែមលើសនេះទៅទៀត គម្រោងដ៏ធំមួយនេះនឹងជំរុញដល់សន្ទុះនៃវិស័យអចលនទ្រព្យ តាមតំបន់ដងទន្លេផងដែរ។ លោកបណ្ឌិតបញ្ជាក់ថា "សម្រាប់វិស័យអចលនទ្រព្យក៏មានការកម្រើកផងដែរ សម្រាប់បង់ប្អូនប្រជាពលរដ្ឋ ដែលមានដីនៅតាមដងទន្លេដែលមានការពាក់ព័ន្ធ ក៏អាចទទួលបានផលប្រយោជន៍ផងដែរ ដោយសារដីនឹងអាចឡើងថ្លៃ ព្រោះមានប្រព័ន្ធដឹកជញ្ជូនទឹកផង និងប្រព័ន្ធផ្លូវគោកផង"។
លោកបណ្ឌិត បានមានប្រសាសន៍ថា "គម្រោងនេះនឹងនាំមកនូវសារប្រយោជន៍ច្រើនណាស់ សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជា និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានការពាក់ព័ន្ធ បានមួយកម្រិត ព្រមទាំងជំរុញវិស័យពាក់ព័ន្ធស្ទុះងើបឡើងផងដែរ"។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីពេលថ្មីៗ បានមានប្រសាសន៍ថា ប្រសិនបើគម្រោងនេះសម្រេចទៅបាន គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ពាណិជ្ជកម្ម ភស្តុភារកម្ម ព្រមទាំងជំរុញតំបន់តាមដងទន្លេជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គម្រោងនេះមានចំងាយប្រហែល១៦៥គីឡូម៉ែត្រ ដោយក្នុងនោះ ចាប់ពីព្រែកអំបិលរហូតដល់ខេត្តកែប មានប្រវែងផ្លូវ១១៥គីឡូម៉ែត្រគឺជាផ្លូវទឹក ដែលអាចធ្វើដំណើរបាន ហើយប្រមាណ២៨ភាគរយ ប្រហែល៥ទៅ៧គីឡូម៉ែត្រ ជាប្រព័ន្ធធារាសាស្ត្រ ដែលត្រូវការស្តារដើម្បីធ្លាយដល់ទឹកសមុទ្រ៕
No comments:
Post a Comment