ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានកំណត់យកខេត្តតំបន់ឆ្នេរ ជាគោលដៅនៃការអភិវឌ្ឍ និងមានអាទិភាពជាងបណ្ដាខេត្តមួយចំនួនទៀត។ ក្នុងចំណោមខេត្តទាំង៤នៃតំបន់សមុទ្រនេះ ខេត្តចំនួន២មានសក្ដានុពល និងទាក់ទាញការវិនិយោគច្រើនជាងគេ។
តើខេត្តទាំងពីរនោះជាខេត្តណា ហើយមានសក្ដានុពលអ្វីខ្លះ?
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្នុងចំណោមខេត្តតំបន់សមុទ្រទាំង៤ ឃើញថាមានខេត្តពីរ រួមមាន ខេត្តព្រះសីហនុ និងខេត្តកំពត ដែលមានសក្ដានុពល និងទាក់ទាញការវិនិយោគ ទាំងជាតិនិងអន្តរជាតិច្រើនជាងគេ។ អ្នកវិនិយោគចាប់អារម្មណ៍និងបណ្ដាក់ទុនច្រើន ដោយមើលឃើញពីសក្ដានុពលធំៗ ជាពិសេសលើគម្រោងអភិវឌ្ឍន៍លំនៅឋានលំហែកាយ។
លោកបន្តថា ខេត្តព្រះសីហនុកំពុងតែបង្ហាញភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត ស្របពេលផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ នឹងដាក់ដំណើរការបើកបរសាកល្បងនៅពេលឆាប់ៗនេះ ហើយកំពុងផែទឹកជ្រៅក៏កំពុងតែមមាញឹកក្នុងកម្មភាពអាជីវកម្មផងដែរ។
លោកបន្តថា "ដោយឡែកខេត្តកំពតវិញ លោកមើលឃើញថាជាខេត្តមួយ ដែលស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះដែរ ហើយរដ្ឋាភិបាលក៏បានស្ថាបនាផ្លូវថ្មីធំជាងមុន ស្រួលធ្វើដំណើរជាងមុន ជាក់ស្ដែងឃើញស្រាប់ហើយ ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកំពតស្អាតធំទូលាយ និងអាចធ្វើដំណើរវិលល្ងាចដោយស្រួលផងដែរ"។
លោកបន្ថែមថា ខេត្តកំពតក៏ឃើញថាមានសក្ដានុពលជាច្រើនទៀត មិនចាញ់ព្រះសីហនុនោះទេ ក្នុងនោះកំពង់ផែទឹកជ្រៅថ្មី នៅក្នុងខេត្តកំពត ក៏បានបើកការដ្ឋានសាងសង់ ដែលនឹងអាចឱ្យនាវាធំៗចូលចតបាន និងធ្វើឱ្យសកម្មភាពនៃការដឹកជញ្ជូនទំនិញទៅកាន់ខេត្តកំពតកាន់តែមមាញឹក ហើយក៏រំពឹងថានឹងមានការវិនិយោគនៅក្នុងខេត្តនេះបន្ថែមទៀត។
លោកស្រី អាន សុធីតា អគ្គនាយកក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា ខេត្តតំបន់សមុទ្រ នឹងទទួលបានការវិនិយោគឡើងវិញ នៅពេលខាងមុខ។ ជាពិសេស ខេត្តព្រះសីហនុនិងកំពត។ ទោះបីបច្ចុប្បន្ននេះ អាចនឹងមិនទាន់មានសកម្មភាពខ្លាំងក្លានៅឡើយ ជាពិសេសការវិនិយោគពីបរទេស ប៉ុន្តែនៅពេលខាងមុខនឹងចាប់ផ្ដើមមានកំណើនឡើងវិញ។
គោលនយោបាយរបស់រដ្ឋបានជំរុញការអភិវឌ្ឍតំបន់ឆ្នេរ ជាគោលដៅក្នុងការទាក់ទាញការវិនិយោគ។ ក្នុងនោះ រដ្ឋាភិបាលបានចំណាយថវិកាជាច្រើន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ពីភ្នំពេញទៅកាន់តំបន់សមុទ្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នោះផ្ទាល់ ដូចជា ផ្លូវជាច្រើនក្នុងខេត្តព្រះសីហនុ ដែលធ្វើឱ្យកាន់តែទាក់ទាញ ការតភ្ជាប់ខេត្តតំបន់សមុទ្រនិងតំបន់សមុទ្រ ឱ្យកាន់តែខិតជិតគ្នាផងដែរ៕
No comments:
Post a Comment