ដោយៈ សហការី
ភ្នំពេញៈ សិល្បៈបុរាណតាំងពីដូនតាមកនេះ គឺពិតជាមានតម្លៃខ្ពង់ខ្ពស់ណាស់ ដែលបានបញ្ជាក់ពីអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយសិល្បៈបុរាណនេះ គឺយើងដាច់ខាតមិនអាចបំភ្លេចបានទេ ដែលយុវជនខ្មែរគ្រប់រូប ត្រូវជួយលើកស្ទួយសិល្បៈបុរាណនេះ កុំឱ្យបាត់បង់។
ដោយមើលឃើញពីការធ្លាក់ចុះប្រជាប្រិយភាព នៃវិស័យសិល្បៈបុរាណខ្មែរ ក៏ដូចជា ដើម្បីចូលរួមថែរក្សា លើកស្ទួយ និងការពារសិល្បៈបុរាណឱ្យគង់វង្សជានិរន្តរ៍ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ រួមទាំងថវិកាមួយចំនួនទៀត ប្រគល់ជូនដល់សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីកែលម្អ និងជួសជុលបន្ទប់ទឹកមួយចំនួន ដែលមានការខូចខាត និងបាក់បែកសម្ភារប្រើប្រាស់មិនកើត ព្រមទាំងជួយសម្រួលដល់ជីវភាពសិស្សានុសិស្ស ក្រីក្រប្រមាណ១០០នាក់ មកពីបណ្ដាខេត្តនានា ដែលបាននឹងកំពុងតែស្នាក់នៅ និងសិក្សាក្នុងសាលាផ្ទាល់។
នេះគឺផ្នែកមួយ នៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនមួយដែលអភិវឌ្ឍលំនៅឋានឈានមុខគេ ប្រកបដោយស្ដង់ដារខ្ពស់ និងគុណភាពល្អ រួមជាមួយនឹងសួនបៃតង ដើមឈើធំៗជាច្រើន ហេដ្ឋារចនាសម្ព័ន្ធធំទូលាយល្អ ខណៈក្រុមហ៊ុនក៏បាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គមជាច្រើន ដែលក្នុងនោះ ការស្រឡាញ់ ការយកចិត្តទុកដាក់ និងការចូលរួមថែរក្សាទៅលើវិស័យវប្បធម៌ សិល្បៈ គឺជាយុទ្ធសាស្រ្តចម្បងធំមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀត នៃការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានបញ្ជាក់ថា សាលាមធ្យមវិចិត្រសិល្បៈ គឺជាសាលាក្របខណ្ឌរដ្ឋមួយ ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបច្ចុប្បន្ននេះសាលាកំពុងផ្ដល់ នូវថ្នាក់បណ្ដុះបណ្ដាលផ្នែកសិល្បៈជាច្រើន ដូចជា ថ្នាក់របាំបុរាណ របាំប្រពៃណី ចម្រៀងបុរាណ និងសម័យ ល្ខោនខោល អាយ៉ៃ ចាប៉ីដងវែង ថ្នាក់សូនរូប ថ្នាក់សំដែងសៀក សាលាតូរ្យតន្រ្តី ។ល។
ដោយមានតម្រូវការខ្វះខាត ទៅលើសម្ភារគាំទ្រការសិក្សា កញ្ចប់ថវិកាដើម្បីជួសជុលកែលម្អបន្ទប់ទឹកប្រើប្រាស់ គ្រូស្ម័គ្រចិត្តផ្នែកភាសារបរទេស និងស្បៀងឧបភោគបរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពខ្វះខាតរបស់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ ពិសេសចែកជូនដល់សិស្សានុសិស្ស ដែលកំពុងស្នាក់នៅក្នុងបរិវេណសាលា។
លោកបានបន្តថា ហេតុដូច្នេះហើយសាលាទន្ទឹងរង់ចាំស្វាគមន៍ នូវរាល់ជំនួយសប្បុរសធម៌ ពីបណ្ដាមជ្ឈដ្ឋានក្រុមហ៊ុន ស្ថាប័នឯកជន និងអង្គការនានា ដែលមានទឹកចិត្តចង់បរិច្ចាគ ឬចូលរួមឧបត្ថម្ភមកសាលា។ លោកក៏បានសំណូមពរឱ្យយុវជន ក៏ដូចជាបណ្តាក្រុមហ៊ុនទាំងអស់ ជួយលើកស្ទួយសិល្បៈបុរាណទាំងអស់គ្នា កុំលើកស្ទួយតែសិល្បៈសម័យខ្លាំងពេក សូមជួយលើកស្ទួយ សិល្បៈបុរាណឱ្យបានច្រើន ដើម្បីកុំឱ្យមានគម្លាតខុសគ្នាឆ្ងាយពេក រវាងសិល្បៈបុរាណ ដែលជាសិល្បៈរបស់ជាតិ និងសិល្បៈសម័យ ដែលភាគច្រើនជាសិល្បៈរបស់ប្រទេសជិតខាង។
លោកនាយកសាលា ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវប្បធម៌ នៃការចែករំលែករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានបរិច្ចាគនូវថវិកា និងគ្រឿងឧបភោគបរិភោគ ជូនដល់សាលាដែលអំណោយទាំងអស់នេះ គឺពិតជាបានជួយសម្រួលបន្ទុកខ្វះខាត ដល់សាលាបានមួយផ្នែកធំផងដែរ។
ជាមួយគ្នានេះ លោក ចាន់ រដ្ឋា នាយករងផ្នែកកិច្ចការសាធារណៈ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមឧបត្ថម្ភ នូវអំណោយទាំងអស់នេះដល់សាលា និងក្មួយៗសិស្សានុសិស្សដែលកំពុងមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងស្នាក់នៅក្នុងសាលានេះ។ លោកបន្តថា ជាការពិតណាស់ការងារសង្គម ក្នុងវិស័យវប្បធម៌ និងសិល្បៈនេះ មិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួមកន្លងមក ហើយទិសដៅក្រុមហ៊ុនទៅមុខទៀត គឺនឹងរីករាយសហការជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ និងសាលាសិល្បៈផ្សេងៗទៀត ដើម្បីថែរក្សា និងលើកស្ទួយវប្បធម៌និងសិល្បៈប្រពៃណីខ្មែរ។
លោកក៏បានថ្លែងបន្តទៀតថា ដោយការស្រឡាញ់ និងការមានចិត្តចូលរួមថែរក្សាវប្បធម៌សិល្បៈបុរាណខ្មែរ យើងខ្ញុំចង់ឱ្យប្រជាជនខ្មែរជាពិសេសយុវវ័យយល់ដឹងឱ្យបានកាន់តែច្រើន អំពីភាពអស្ចារ្យរបស់វប្បធម៌សិល្បៈប្រពៃណីខ្មែរ ហើយត្រូវ ចូលរួមជួយគាំទ្រឱ្យបានទាំងអស់គ្នា កុំឱ្យសាបរលាប និងបាត់បង់។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ធ្លាប់បានចូលរួមការងារសង្គមជាច្រើន ដែលរួមមាន៖ ការងារអប់រំ ការងារបរិស្ថាន និងការងារសហគមន៍ (ការងារសុខុមាលភាព សហគមន៍ និងវិស័យវប្បធម៌) ក្នុងនោះក្រុមហ៊ុនបានសាងសង់វត្តអារាម ព្រះវិហារ កុដិតាជី យាយជី ខ្លោងទ្វារ និងរបងវត្ដជាដើម៕
No comments:
Post a Comment