ដោយៈជេស៊ីកា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិងកំពុងសហការជាមួយក្រុមហ៊ុនYCH ដើម្បីសិក្សាលើគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥។
ព៌តមាននេះ ត្រូវបានលើកឡើងដោយ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ កក្កដាកន្លងមកនេះ។
លោកបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន YCH លើគម្រោង សិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម ក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញនិងណែនាំដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។
លោកទេសរដ្ឋមន្រ្តី ក៏បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេ អន្តរកាលដែលបានអនុម័ត ជាផ្លូវការដោយក្រុមប្រឹក្សាជាតិភ័ស្តុភាកម្មកាលពីខែមករា ២០២០។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានថ្លែងកត់សម្គាល់អំពីគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់កម្ពុជា ដែលផ្តោតជាសំខាន់លើ ការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលការងារ អាទិភាពទាំងនោះរួមមានទី ១ ការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ទី២ ការអភិវឌ្ឍធនធានមនុស្សល្អ ទី៣ ការបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន និងទី៤ ការរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕
No comments:
Post a Comment