ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ស្របនឹងមានការអភិវឌ្ឍទីក្រុងភ្នំពេញកាន់តែខ្លាំង តំបន់ជាយក្រុងក៏ទទួលបានផលផ្កាផ្លែ និងមានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យ។ បច្ចុប្បន្ន គេសង្កេតឃើញថា ផ្លូវក្រវ៉ាត់ក្រុងទី៣ក៏កំពុងទទួលបានការវិនិយោគលើអចលនទ្រព្យកាន់តែមានខ្លាំង ទាំងលំនៅឋាននិងឧស្សាហកម្ម។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វិស័យអចលនទ្រព្យបានក្លាយជាទិសដៅសំខាន់មួយ និងជាសរសរស្ដម្ភសំខាន់មួយក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏បានធ្វើឱ្យការអភិវឌ្ឍអចលនទ្រព្យកាន់តែមានកំណើនឡើងខ្ពស់ផងដែរ ក្នុងនោះ រាជធានីភ្នំពេញក៏បានរីកលូតលាស់កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា ការអភិវឌ្ឍរាជធានីភ្នំពេញកាន់តែធំឡើងនេះ បានធ្វើឱ្យតំបន់នៅជាយក្រុងនៃរាជធានីភ្នំពេញមានសន្ទុះ និងចំណាប់អារម្មណ៍កាន់តែខ្លាំង។ ជាក់ស្ដែង ផ្លូវក្រវ៉ាត់ក្រុងទី៣បានក្លាយជាចំណាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់វិនិយោគិនអចលនទ្រព្យ និងជំរុញឱ្យវិនិយោគិនទៅអភិវឌ្ឍនៅតាមបណ្ដោយនៃផ្លូវក្រវ៉ាត់ក្រុងទី៣កាន់តែច្រើន ជាពិសេសទៅលើលំនៅឋាន និងឧស្សាហកម្ម។
លោកបន្តទៀតថា ទីក្រុងភ្នំពេញជាទីក្រុងវ័យចំណាស់មួយនៅលើពិភពលោក និងទទួលបានកំណើនប្រជាពលរដ្ឋរស់នៅកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។ ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ រាជធានីភ្នំពេញបានចាប់ផ្ដើមរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកផ្ទៃដីឱ្យកាន់តែធំ ដោយចាប់យកផ្នែកខ្លះ នៃខេត្តកណ្ដាលមកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងភ្នំពេញ ហើយអនាគតនឹងអាចយកផ្នែកខ្លះនៃខេត្តផ្សេងទៀតផងដែរ។
លោកបន្ថែមថា ក្នុងពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍភាគច្រើននៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយទទួលបាននូវការគាំទ្រនិងវិនិយោគទៅលើដីធ្លី និងផ្ទះសំបែង ដែលជាកត្តាជំរុញឱ្យមានការរីកខឿនសេដ្ឋកិច្ចនៅពេលអនាគត។
លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី ក៏បានមានប្រសាសន៍ដែរថា ការរីកចម្រើននៃទីក្រុងភ្នំពេញ ឃើញថារីកស្ទើរតែ៣៦០ដឺក្រេទៅហើយ ហើយអ្នកវិនិយោគជាច្រើនក៏បានងាកទៅកាន់តំបន់ជាយក្រុងភ្នំពេញ ដោយសំលឹងមើលទៅលើទីតាំងសក្ដានុពលសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ពួកគេ។ កត្តាទាំងនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់ជាយក្រុង កាន់តែមានកំណើនឡើងជាបន្តបន្ទាប់ ហើយក៏នៅតែមានអ្នកស្វែងរកដីធ្លីនៅតំបន់ជាយក្រុង សម្រាប់ការអភិវឌ្ឍ៕
No comments:
Post a Comment