ដោយ៖ សុផារី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រ ឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាត ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។
ក្នុងកិច្ចប្រជុំលើគ្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះនេះ នៅព្រឹកថ្ងៃទី ២០ ខែកក្កដានេះជាមួយមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធនៅសាលារាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍លើកឡើងថា កំណាត់មហាវិថីឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញឱ្យស្អាត ជាមួយនិងការរៀបចិញ្ចឹមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះត្រូវតែធ្វើអោយបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣។
កំណាត់មហាវិថីឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង ៧៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦Aរហូតដល់ស្ពានព្រែកព្នៅ។ ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង១៨ម៉ែត្រ រួចអ៊ុតកៅស៊ូ(AC) ពីរស្រទាប់មានកម្រាស់៨០មីលីម៉ែត្រ។ ដាក់លូជ្រុងទំហំ២ម៉ែត្រ x ២ម៉ែត្រ ម្ខាងផ្លូវមានប្រវែងសរុប៧៥៩០ម៉ែត្រ (ខាងស្តាំដៃ គិតចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A ដាក់លូមូលមុខកាត់១ម៉ែត្រ ម្ខាងផ្លូវ មានប្រវែងសរុប ៧៣៤០ម៉ែត្រ (ខាងឆ្វេងដៃ គិតចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A។
លោក ឃួង ស្រេង បានជម្រុញអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនិងការដាក់លូ ដែលអាចអោយទឹកហូរ មិនមានដក់លើផ្លូវ៕
No comments:
Post a Comment