ដោយៈ សុខុម
បាងកក: ការឡើងថ្លៃដែកបានបន្តជំរុញឱ្យសន្ទស្សន៍ តម្លៃសាងសង់លំនៅដ្ឋានក្នុងត្រីមាសទី២ ឆ្នាំ២០២២ ហក់ឡើងខ្ពស់ដល់ទៅ៥,៦% ដែលជាកម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល៤០ត្រីមាសមកនេះ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) នៃប្រទេសថៃ។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានថ្លែងថា សន្ទស្សន៍តម្លៃសាងសង់លំនៅដ្ឋានក្នុងត្រីមាសទី២ ឆ្នាំនេះគឺស្ថិតក្នុងអត្រា១៣១,២% ដោយហក់ឡើងដល់ទៅ៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងហក់ឡើង១,១%បើធៀបនឹងត្រីមាសទី១។
លោកបានបន្ថែមទៀតថា "ការកើនឡើងសន្ទស្សន៍នេះ ត្រូវបានជំរុញដោយការឡើងថ្លៃកម្លាំងពលកម្ម គ្រប់ប្រភេទនៅក្នុងវិស័យសំណង់ ដោយការងារវិស្វកម្មសំណង់ស៊ីវិល ហក់ឡើងថ្លៃខ្ពស់បំផុតដល់ទៅ១២,៤%"។
ការងារដែលហក់ឡើងថ្លៃធំបំផុតទី២ គឺការងាររៀបចំប្រព័ន្ធអគ្គិសនី និងទំនាក់ទំនងក្នុងអត្រា៥,៤% បន្ទាប់មកការងារស្ថាបត្យកម្មឡើងថ្លៃ២,៣% ហើយការងារប្រព័ន្ធអនាម័យឡើងថ្លៃ១,៤%។
នៅក្នុងប្រភេទសម្ភារៈសំណង់ ដែកហក់ឡើងថ្លៃខ្ពស់ជាងគេបំផុតដល់ទៅ២៧,៥% គ្រឿងបរិក្ខារបន្ទប់ទឹកហក់ឡើងថ្លៃ១២,៩% ឈើនិងផលិតផលឈើហក់ឡើងថ្លៃ៨,១% ហើយឧបករណ៍ផ្គត់ផ្គង់ទឹកភ្លើងហក់ឡើងថ្លៃ៤,៩%៕ Bangkok Post៕
No comments:
Post a Comment