ដោយៈ សុផារី
ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តភ្នំពេញ បានចាប់ផ្តើមការដ្ឋានខួងបាតទន្លេរសាប ដើម្បីដាក់បំពង់មេនាំទឹកស្អាតទំហំ២០០០មម ក្រោមបាតទន្លេសាបចេញពីរោងចក្រផលិតទឹកស្អាតបាក់ខែង មកកាន់រាជធានីភ្នំពេញ ដែលជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមក។
នេះបើតាមយោងតាមប្រសាសន៍របស់លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកភ្នំពេញ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យ គម្រោងនៅការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងការដ្ឋានខួងឆ្លងកាត់ក្រោមបាតទន្លេសាប ដាក់បំពង់មេនាំទឹកស្អាត។
គម្រោងមួយនេះ ទទួលការងារដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង Vinci Construction Grands Projets និងក្រុមការងារទីប្រឹក្សាបច្ចេកទេស Safege Consulting Engineers។
លោក ឡុង ណារ៉ូ បានឱ្យដឹងថា ពេលនេះក្រុមការងារសាងសង់រោងចក្រ ផលិតទឹកស្អាតបានង្រីកបំពង់មេនាំទឹក ដែលមានមុខកាត់២ម៉ែត្រ ចុះទៅក្រោម៣០ម៉ែត្រ ជីករូងឆ្លងបាតទន្លេសាប ដើម្បីនាំទឹកពីរោងចក្រទៅចែកចាយក្នុងរាជធានីភ្នំពេញ។
លោកបន្ថែមថា "សកម្មភាពជីករូងទៅក្រោមទន្លេរ កំពុងចាប់ផ្ដើម និងបានបញ្ជូនមនុស្សមុជទឹក ចុះបិទសំណង់កុំឱ្យមានទឹកជ្រាបពីទន្លេចូល និងបានទិញម៉ាស៊ីនជីករូងដីពីប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមតភ្ជាប់ពីត្រើយខាងកើតទន្លេរទៅខាងលិច"។លោកបញ្ជាក់ថា "យើងសង្ឃឹមថាកម្មវិធីត្រូវបានធ្វើតាមការគ្រោងទុកហើយ យើងសង្ឃឹមថានឹងបានភ្ជាប់បំពង់ទឹក ពីត្រើយខាងលិច ទៅភ្ជាប់នឹងបំពង់ក្នុងរាជធានីភ្នំពេញទាំងអស់"។
ជាមួយគ្នានេះ លោក Cedric Roude នាយកគ្រប់គ្រងក្រុមហ៊ុនម៉ៅការសាងសង់ Vinci Construction Grands Projets បានមានប្រសាសន៍ថា "ចាត់ទុកថាជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា គឺការខួងជម្រៅ៣០ម៉ែត្រ ក្រោមទន្លេសាប ដើម្បីនាំទឹកស្អាតតាមបំពង់មុខកាត់២ម៉ែត្រពីត្រើយខាងកើត មកកាន់ស្ពានព្រែកព្នៅ។ នេះជាបច្ចេកវិទ្យា និងជាបច្ចេកទេសថ្មីមួយ សម្រាប់គម្រោងនេះ"។
លោកឡុង ណារ៉ូ បានឱ្យដឹងថា បច្ចុប្បន្នការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្រេចបាន៦៦ភាគរយ នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ ខណៈដែលជំហានទី២សម្រេចបាន៤២ភាគរយផងដែរ។
លោកបន្ថែមថា បន្ទាប់សាងសង់រួចរោងចក្រ ប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងមានសមត្ថភាព ផលិតទឹកបាន៣៩០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ជំហានទី១ផលិតបាន១៩៥.០០០ម៉ែត្រគូប និងជំហានទី២ ផលិតបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យបានគ្រប់គ្រាន់នៅចុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខ៕
No comments:
Post a Comment