ដោយ៖ សុផារី
ស្ទឹងត្រែង៖ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២នេះ សកម្មភាពអចលនទ្រព្យនៅក្នុងខេត្តស្ទឹងត្រែងនៅបន្តមានភាពស្ងប់ស្ងាត់ខ្លាំង។ អ្នកជំនាញមូលដ្ឋានលើកឡើងថា កត្តាស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបញ្ហាកង្វះហេដ្ឋារចនាសម្ព័ន្ធធំៗ ជាឧបសគ្គដល់ការរីកចម្រើននៃវិស័យអចលនទ្រព្យ នៅក្នុងខេត្តជាប់ព្រំដែនមួយនេះ។
លោកជុំ វិចិត្រ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តស្ទឹងត្រែង មានប្រសាសន៍ថា "ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជន មិនសូវមានចំណូលជាក់លាក់ ហើយស្ថានភាពបំណុល ដែលកំពុងកម្ចីមិនទាន់មានវិធីក្នុងការដោះស្រាយ ដោយសារតែរក (រកស៊ី) មិនបាន ហើយមិនមានបម្រែបម្រួលនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធណាមួយ ដែលធ្វើឱ្យតម្លៃដីធ្លីហក់លោត"។
លោកវិចិត្របានឱ្យដឹងថា នៅក្នុងខេត្តស្ទឹងត្រែងមិនសូវមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗណាមួយ ដែលធ្វើឱ្យតម្លៃដីធ្លីហក់លោតឡើយ។ សម្រាប់អ្នកវិនិយោគនៅក្នុងខេត្តភាគច្រើនជាប្រភេទក្រុមហ៊ុនតូចៗ និងបណ្តាសាខារបស់ក្រុមហ៊ុន ធនាគារ ដែលពង្រីកសាខាថ្មីមកកាន់ទីរួមខេត្តមួយនេះតែប៉ុណ្ណោះ។
លោកបន្តថា "ប្រជាជននៅក្នុងខេត្តស្ទឹងត្រែង ភាគច្រើនប្រកបរបរកសិកម្ម កសិឧស្សាហកម្ម លក់ដូរតិចតួច និងនេសាទ ។ល។ ក្នុងឆ្នាំនេះ តម្លៃកសិផលលក់បានតម្លៃទាប ចំណាយច្រើនលើថ្នាំ ការថែទាំ និងពលកម្ម អញ្ចឹងប្រជាជនពិបាកក្នុងការគិតគូរពីការវិនិយោគ"។
បើតាមការបញ្ជាក់បន្ថែមពីអ្នកជំនាញមូលដ្ឋានរូបនេះ ទោះបីជាស្ទឹងត្រែងជាខេត្តជាប់ព្រំដែនជាមួយប្រទេសឡាវក្តី តែទំហំពាណិជ្ជកម្ម និងសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរហាក់មិនសូវមានទំហំធំនោះទេ៕
No comments:
Post a Comment